កម្ពុជា-ទីម័រឡេស្តេ ប្តេជ្ញាជំរុញពាណិជ្ជកម្ម និងវិនិយោគ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែប្រសើរឡើងថែមទៀត សំដៅឈានទៅលើកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

នេះបើយោងតាមជំនួបពិភាក្សារវាង លោកស្រីចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយ លោក បេនឌីតូ ដូស សាន់តូស ហ្វ្រេតាស (Bendito dos Santos Freitas) រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងគណៈប្រតិភូ កាលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើកាលានុវត្តភាពក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា និងទីម័រឡេស្តេ និងការគាំទ្រគ្នាទៅវិញទៅមកក្រោមក្របខណ្ឌតំបន់ និងសកល។

ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយទីម័រឡេស្តេ នៅតែមានកម្រិតតិចតួចនៅឡើយ ដែលទាមទារឱ្យមានការជំរុញបន្ថែមទៀត។យ៉ាងណា ក្រសួងពាណិជ្ជកម្ម ធ្លាប់បានបញ្ជាក់ថា ពាណិជ្ជកម្មកម្ពុជាសម្រាប់ឆ្នាំ២០២៥ ក្នុងនោះរួមមាន៖ ចិន ១៩,៧៣ ពាន់លានដុល្លារអាមេរិក, អាស៊ាន ១៦,៣៧ ពាន់លានដុល្លារអាមេរិក, សហរដ្ឋអាមេរិក ១៣,១៥ ពាន់លានដុល្លារអាមេរិក, សហភាពអ៊ឺរ៉ុប ៥,៨៧ ពាន់លានដុល្លារអាមេរិក, ជប៉ុន ២,៥៣ពាន់លានដុល្លារអាមេរិក, កាណាដា ១,៣៣ ពាន់លានដុល្លារអាមេរិក, ចក្រភពអង់គ្លេស ១,០៧ ពាន់លានដុល្លារអាមេរិក, សាធារណរដ្ឋកូរ៉េ ៩២៣,០៥ លានដុល្លារអាមេរិក, អូស្ត្រាលី ៦២៥,៨៧ លានដុល្លារអាមេរិក, ឥណ្ឌា ៥១០,៦៩ លានដុល្លារអាមេរិក និងអេមីរ៉ាត់អារ៉ាប់រួម ៩៨,៧៦ លានដុល្លារអាមេរិក៕អត្ថបទ៖ហ្សាលីន

