អនុវត្តន៍តាមសេចក្តីណែនាំលេខ០០៧/២៦សណន.ច ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញ និងតាមគោលការណ៍ដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

កម្លាំងជំនាញចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចាត់តាំងកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយលោកវរសេនីយ៍ឯក យឹម សុជាតិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះទៅគ្រប់ទីផ្សារធំៗក្នុងភូមិសាស្ត្ររាជធានីភ្នំពេញជាប្រចាំថ្ងៃ ធ្វើការត្រួតពិនិត្យជាក់ស្តែង អប់រំណែនាំផ្ទាល់ដល់គ្រប់អាជីវករពាក់ព័ន្ធទាំងអស់ មិនអនុញ្ញាតឱ្យនាំចូល តាំងលក់ នូវកាំភ្លើងបាញ់ទឹក ផាវ កាំជ្រួច ឬគ្រឿងផ្ទុះផ្សេងៗ គ្រប់ប្រភេទនៅលើទីផ្សារ ដែលរដ្ឋបាលរាជធានីភ្នំពេញបានហាមឃាត់។

គួរឱ្យដឹងថា យោងតាមសេចក្តីណែនាំលេខ០០៧/២៦សណន.ច ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញ បានហាមដាច់ខាតក្នុងឱកាសចូលឆ្នាំថ្មីប្រពៃជាតិខាងមុខនេះ ដោយមិនឱ្យមានការដុតផាវ កាំជ្រួច ឬប្រើប្រាស់គ្រឿងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ, មិនឱ្យមានការនាំចូល ចែកចាយ ទិញលក់ផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ, ហាមការលេងល្បែងជះទឹក ការជះទឹកមានពណ៌ ឬទឹកកខ្វក់ គប់ស្បោងទឹក កាំភ្លើងបាញ់ទឹក ស្អប់បូមបាញ់ទឹក និងការវាយដោយរំពាត់ ឬឧបករណ៍ផ្សេងៗធ្វើឱ្យប៉ះពាល់ដល់បងប្អូន ប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរនៅតាមដងផ្លូវ ដែលអាចនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ប៉ះពាល់ដល់អាយុជីវិត និងបង្កឱ្យមានរបួស ឬខូចខាតទ្រព្យសម្បត្តិ, មិនឱ្យមានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ៕




