កម្ពុជា កំពុងឡុបប៊ីដណ្តើមយកការិយាល័យអគ្គលេខាធិការដ្ឋាន RCEP ខណៈឥណ្ឌូនេស៊ីស្វែងរកការចចារចង់បាន

សង្គម​និង​សេដ្ឋកិច្ច

លោក សុខ ស៊ីផាន់ណា សមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន កំពុងឡប់ប៊ីយុទ្ធនាការជំរុញដើម្បីបានការិយាល័យអគ្គលេខាធិការដ្ឋានស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) មកកម្ពុជា។ លោកថា ប្រសិនបើបានអគ្គលេខាធិការដ្ឋាន RCEP វាជាមោទនាភាពយ៉ាងសម្បើម ខណៈដែលប្រទេសឥណ្ឌូនេស៊ី កំពុងស្វែងរកការចចារចង់បានដោយផ្អែកថា នៅហ្សាកាតា ឥណ្ឌូនេស៊ី មានអគារអគ្គលេខាធិការដ្ឋានអាស៊ានដ៏ធំរួចទៅហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមលោក សុខ ស៊ីផាន់ណា កម្ពុជា កំពុងជំរុញកិច្ចប្រជុំពេលក្រោយឲ្យសម្រេចថាជ្រើសរើសយកកម្ពុជាជំហានដំបូង ស្របពេលកម្ពុជាមានកត្តាស្ទើរតែគ្រប់គ្រាន់ក្នុងការទទួលបានការិយាល័យអង្គការអន្តរជាតិមួយនេះ។

សូមស្តាប់ប្រសាសន៍ សុខ​ ស៊ីផាន់ណា សមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងវេទិកាបាឋកថាស្ដីពី៖ ការធ្វើជាប្រធានអាស៊ាន របស់កម្ពុជា៖ សមិទ្ធផល និងបញ្ហាប្រឈម នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣៖

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)  គឺជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​មានទ្រង់ទ្រាយ​ធំ​បំផុត​លើ​ពិភពលោក ដោយ​មាន​ប្រជាជន​សរុប​ប្រមាណ ២,២៧០​លាន​នាក់ ទំហំ​សេដ្ឋកិច្ច​សរុប ២៦​ទ្រីលាន​ដុល្លារ​អាមេរិក ទំហំ​នាំ​ចេញ​សរុប ៥,២​ទ្រីលាន​ដុល្លារ​អាមេរិក ត្រូវជា ៣០ភាគរយ នៃ​ទំហំ​សរុប​លើ​ពិភព​លោក។ កិច្ចព្រមព្រៀង RCEP មានសមាជិកចំនួនប្រទេស ១៥ មានដូចជា ប្រ៊ុយណេ, កម្ពុជា, ឥណ្ឌូនេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី ថៃ, វៀតណាម, ចិន, ជប៉ុន, កូរ៉េខាងត្បូង, អូស្ត្រាលី និងនូវែលសេឡង់ ខណៈដែលកម្ពុជា បានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដំណាលគ្នានឹងការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន ក្រសួង​ពាណិជ្ជកម្ម​គូស​បញ្ជាក់​ថា កម្ពុជា​ត្រៀម​ខ្លួន​ជាស្រេច​ក្នុង​ការ​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ ជាមួយ​បណ្តា​រដ្ឋសមាជិក​អាស៊ាន​ទាំងអស់ ដៃគូ​នានា​របស់​អាស៊ាន និង​លេខាធិការដ្ឋាន​អាស៊ាន ដើម្បី​ជំរុញ​កិច្ច​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត ក្នុង​ដំណើរ​ការ​កសាង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន និង​ពន្លឿន ការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ ជម្នះ​រាល់​បញ្ហា​ដែល​អាស៊ាន​កំពុង​ប្រឈម។

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ​ធ្លាប់បានលើកឡើងថា កិច្ចព្រមព្រៀង RCEP មាន​សារៈសំខាន់ ដែល​នឹង​បង្កើត​នូវ​ក្រប​ខណ្ឌ​ភាព​ជា​ដៃគូ​ដែល​មាន​លក្ខណៈ​ទំនើប ទូលំទូលាយ គុណភាព​ខ្ពស់ ព្រមទាំង​ផ្តល់​អត្ថប្រយោជន៍​សេដ្ឋកិច្ច​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដែល​នឹង​សម្រួល​ដល់​ការ​ពង្រីក​ខ្សែ​ច្រវាក់​ផ្គត់​ផ្ត​ង់​ពាណិជ្ជកម្ម​និង​ការ​វិនិយោគ​ក្នុង​តំបន់ ការ​ផ្តល់​សញ្ញា​ទៅ​កាន់​ពិភពលោក​អំពី​ការ​គាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​សេរី​ពហុភាគី​ដែល​ផ្អែក​លើ​គោលការណ៍​ច្បាប់ និង​ជា​ពិសេស​ការ​ចូលរួម​ចំណែក​ក្នុង​ការ​ស្តារ​សេដ្ឋកិច្ច​កម្ពុជា និង​តំបន់​ឡើង​វិញ​បាន​ឆាប់រហ័ស​ពី​វិបត្តិ​កូ​វី​ដ​-១៩​។

យោងតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម ក្នុងរយៈពេល១១ខែ ឆ្នាំ២០២២ ការធ្វើពាណិជ្ជកម្មជាមួយបណ្តាប្រទេស ដែលជាសមាជិកកិច្ចព្រមព្រៀង RCEP មានទំហំជាង ២៨ពាន់លានដុល្លារកើនឡើង៧% ក្នុងនោះកម្ពុជា បាននាំចេញទំនិញក្នុងតម្លៃ ជាង៥ពាន់លានដុល្លារ កើនឡើង៥% និង នាំចូលមកវិញក្នុងតម្លៃជិត ២៣ពាន់លានដុល្លារ កើនឡើង៧% ។ ចំណែកទំហំពាណិជ្ជកម្មរបស់កម្ពុជា និងចិន រយៈពេល១១ខែ មានតម្លៃ ១០ ៥៧៩លានដុល្លារ កើនឡើង៦.៨៥% ក្នុងនោះកម្ពុជានាំចេញទៅចិនក្នុងតម្លៃជាង ១ពាន់លានដុល្លារ និងនាំចូលពីចិនមកវិញក្នុងតម្លៃ ជាង៩ពាន់លានដុល្លារ៕