ទំហំ GDP របស់សហរដ្ឋអាមេរិកនៅក្នុងត្រីមាសទី២ បានកើនឡើង ៣,៣% បើធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤ ពោលគឺខ្ពស់ជាងគេប៉ាន់ស្មានដំបូងរបស់ក្រសួងពាណិជ្ជកម្មអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

នៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា GDP របស់ប្រទេស បានកើនឡើង ៣,៣% នៅក្នុងត្រីមាសទី២ ពោលគឺខ្ពស់ជាងការប៉ាន់ស្មានដំបូងនៅក្នុងខែកក្កដា ដែលមានកំណើន ៣% និងការព្យាកររបស់ Dow Jones ៣,១%។
ក្នុងចំណោមកត្តាជំរុញសំខាន់ៗ ការប្រើប្រាស់ឯកជន និងការវិនិយោគ ហាក់មានការកើនឡើងខ្លាំងជាងការប៉ាន់ស្មានដំបូង នៅក្នុងត្រីមាសទី២។ ការចំណាយរបស់អ្នកប្រើប្រាស់ដែលមានប្រហែល ៧០% នៃ GDP បានកើនឡើង ១៦% ពោលគឺលើសពីការប៉ាន់ស្មានដំបូង ១,៤% និង ០,៥% នៅក្នុងត្រីមាសទី១។
យ៉ាងណាមិញ លោក Heather Long ប្រធានសេដ្ឋវិទូប្រចាំនៅ Navy Federal Credit Union បាននិយាយថា ៖”រឿងវិជ្ជមានគឺថាការប្រើប្រាស់ជាក់ស្តែងគឺខ្ពស់ជាងការប៉ាន់ស្មានពីមុន។ ជនជាតិអាមេរិកបានបន្តចំណាយទោះបីជាមានពន្ធគយខ្ពស់ និងភាពមិនច្បាស់លាស់ ខណៈកំណើនសេដ្ឋកិច្ចហាក់មានល្បឿនយឺតជាងឆ្នាំមុនក៏ដោយ” ។
ជម្រាបជូនផងដែរថា សេដ្ឋកិច្ចរបស់ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក បានកើនឡើងប្រហែល ២,១% នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។ GDP របស់សហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថានឹងបន្តកើនឡើង ២,២% នៅក្នុងត្រីមាសទីបី៕

