ក្នុងឆ្នាំ ២០២២ ការនាំចូលរថយន្តរបស់វៀតណាម កើនឡើងខ្ពស់បំផុតដល់តម្លៃជាង ៣,៨ ពាន់លានដុល្លារ

អន្តរជាតិ

បើតាមអគ្គនាយកដ្ឋានគយវៀតណាម បានធ្វើការប្រកាសអំពីការនាំចូលរថយន្ត ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ជាមួយនឹងចំនួនសរុប ១៧៣ ៤៦៧ គ្រឿង ក្នុងតម្លៃសរុបប្រមាណ ៣,៨៤ ពាន់លានដុល្លារ កាលពីឆ្នាំ ២០២២ ពោលគឺបានលើសចំនួនកំណត់ត្រាពីមុន ១៦០ ០០០ គ្រឿង កាលពីឆ្នាំ ២០២១ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន VNA បានបង្ហាញឱ្យដឹងទៀតថា តួលេខនេះ គឺតំណាងឱ្យការកើនឡើង ៨,៥% ក្នុងបរិមាណ និង ៥,១% សម្រាប់តម្លៃ បើធៀបទៅនឹងឆ្នាំមុន ។

គួរឱ្យដឹងផងដែរថា នៅក្នុងខែធ្នូតែមួយ ការនាំចូលរថយន្តសរុបមានចំនួន ២១ ៨៩៦ គ្រឿង មានតម្លៃ ៤៣១,៥៥ ដុល្លារ ដែលជាចំនួននាំចូលច្រើនបំផុតសម្រាប់ខែទីពីរ នៅក្នុងឆ្នាំនោះ ពោលគឺបន្ទាប់ពីខែវិច្ឆិកា ដែលបាននាំចូលសរុបប្រហែល ២៣ ០០០ គ្រឿង ។

យ៉ាងណាមិញ ប្រទេសឥណ្ឌូនេស៊ី និងថៃ គឺជាអ្នកដែលបាននាំចេញរថយន្តដ៏ធំបំផុត មកកាន់ប្រទេសវៀតណាម ស្របពេលឥណ្ឌូនេស៊ី បានវ៉ាដាច់ថៃ ក្នុងការក្លាយជាអ្នកលក់ដ៏ធំបំផុត សម្រាប់វៀតណាម ទាក់ទងទៅនឹងបរិមាណ ប៉ុន្តែសម្រាប់តម្លៃវិញ ប្រទេសថៃ នៅតែមានការនាំមុខដដែល ។

ជម្រាបជូនផងដែរថា វៀតណាមបានទិញចូលរថយន្ត ៧២ ៦៧១ គ្រឿងពីប្រទេសឥណ្ឌូនេស៊ី​ ដែលមានតម្លៃសរុបជាង ១,០៥ ពាន់លានដុល្លារ។ ហើយទន្ទឹមនឹងនោះ ការនាំចូលរថយន្តពីថៃវិញ បានកើនឡើងដល់ ៧២ ០៣២ គ្រឿង ក្នុងតម្លៃ ១,៤៣ ពាន់លានដុល្លារ ស្របពេលការនាំចូលរថយន្តពីប្រទេសចិន មានចំនួន ១៧ ៣៤០ គ្រឿង ក្នុងតម្លៃ ៧១៤,៥ លានដុល្លារ ៕