នាយករដ្ឋមន្រ្តី ផនខាំ វីផាវ៉ាន់ ស្នើសុំសម្តេចតេជោ ហ៊ុន សែន និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចប្រទេសឡាវ

សង្គម​និង​សេដ្ឋកិច្ច

ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តីឡាវ នៅថ្ងៃសៅរ៍ ទី២៣ ខែមេសានេះ បានជួបពិភាក្សាការងារទ្វេភាគី នៅមុនពេលមកដល់នៃការចូលរួមកិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹកតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលនឹងត្រូវធ្វើឡើងថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងជំនួបជាមួយសម្តេចនាយករដ្ឋមន្រ្តីកម្ពុជា លោក ផនខាំ វីផាវ៉ាន់ បានបង្ហាញនូវការរីករាយនៃចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងឡាវ និងកម្ពុជា ដែលជាអ្នកជិតខាងល្អ និងបងប្អូនល្អ។ ក្នុងន័យនេះ ដើម្បីធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះ កាន់តែល្អប្រសើរថែមទៀតនោះ លោកបានអញ្ជើញសម្តេចតេជោ ហ៊ុន សែន និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បំពេញទស្សនកិច្ចនៅក្នុងប្រទេសឡាវ ក្នុងពេលវេលាសមគួរណាមួយ។

លោក កៅ គឹមហួន​ រដ្ឋមន្ត្រី​ប្រតិភូអម​នាយករដ្ឋមន្ត្រី​ បានបញ្ជាក់ថា នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីឡាវ ក៏បានប្រាប់សម្តេចតេជោផងដែរថា រូបលោកមានគម្រោងទស្សនកិច្ចនៅតាមខេត្តជាប់ព្រំដែនប្រទេសកម្ពុជា មានដូចជាខេត្តចំប៉ាសាក់។ ហើយដំណើរទស្សនកិច្ចធ្វើឡើង ក្នុងបំណងពង្រឹងទំនាក់ទំនងរវាងខេត្តទាំងនោះ ជាមួយខេត្តរបស់កម្ពុជា ដែលជាប់ព្រំដែនគ្នា។

បើតាមលោក កៅ គឹមហួន លោកនាយករដ្ឋមន្ត្រីឡាវ បានបញ្ជាក់ទៀតថា ពេលទស្សនកិច្ចនៅក្នុងខេត្តទាំងនោះ លោកនឹងជម្រាបពីគោលនយោបាយ និងជំហររវាងរដ្ឋាភិបាលប្រទេសទាំងពីរ។

លោករដ្ឋមន្ត្រី​ប្រតិភូអម​នាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្រៅតែពីបញ្ហាទ្វេភាគីនេះ សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីឡាវ បានពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនផងដែរ៕