ក្រុមហ៊ុន សូគីម៉ិច អុិនវេសមេន គ្រុប របស់អ្នកឧកញ៉ា សុខ គង់ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦នេះ បានបង្ហាញពីវឌ្ឍនភាពនៃគម្រោងសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រ នៅលើខ្នងភ្នំបូកគោ ខេត្តកំពត ដែលបច្ចុប្បន្ននេះ ការសាងសង់បានឈានដល់ផ្នែកព្រះកាយរបស់ព្រះអង្គហើយ។

នៅថ្ងៃអង្គារនេះ ក្រុមហ៊ុនបានបង្ហាញឱ្យដឹងលើបណ្តាញសង្គមបែបនេះថា៖ “ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រ នឹងលេចរូបរាងយ៉ាងស្កឹមស្គៃលើភ្នំបូកគោក្នុងពេលឆាប់ៗ។ បច្ចុប្បន្ន ការសាងសង់បានឈានដល់ផ្នែកព្រះកាយរបស់ព្រះអង្គហើយ។ ដូចដែលបងប្អូនបានឃើញក្នុងរូបភាព ផ្នែកព្រះភ្នែន របស់ព្រះអង្គបានលេចរូបរាងឡើងយ៉ាងច្បាស់ ដែលគ្រាន់តែ កម្ពស់ព្រះភ្នែននេះគឺមានទំហំដល់ទៅ ១៦,២ ម៉ែត្រទៅហើយ! មិនយូរទៀតទេ យើងនឹងបានឃើញរូបសំណាក់ពេញលេញនៃព្រះពុទ្ធប្បដិមាដ៏ខ្ពស់ និងធំបំផុតនេះ បង្ហាញវត្តមានយ៉ាងស្កឹមស្គៃលើខ្នងភ្នំបូកគោ”។
កាលចុងឆ្នាំ២០២៥ ក្រុមហ៊ុនបានបញ្ចប់ការសាងសង់ខឿននិងបល្ល័ង្កព្រះអង្គ ដែលមានកម្ពស់សរុប ២៧ម៉ែត្រ ហើយបន្ទាប់មក ក្រុមហ៊ុនក៏បានចាប់ផ្ដើមបន្តតម្លើងពុម្ព ដើម្បីកសាងរូបព្រះអង្គ។ នៅចុងខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមហ៊ុន បានបញ្ជាក់ប្រាប់ Oknha News ឱ្យដឹងថា ការដ្ឋានសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រ នៅលើខ្នងភ្នំបូកគោ បានបញ្ចប់ការសាងសង់បល្ល័ង្កផ្កាឈូកហើយ និងកំពុងបន្តដំណើរការយ៉ាងសកម្មនៃការសាងសង់ព្រះពុទ្ធប្បដិមាផ្ចាញ់មារអង្គធំ។
សូមជម្រាបថា អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សូគីម៉ិច អុិនវេសមេន គ្រុប បាននឹងកំពុងដឹកនាំដំណើរការសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រដ៏ស្កឹមស្កៃ នៅលើខ្នងភ្នំបូកគោ ដើម្បីរំលឹកគុណដល់ព្រះសម្មាសម្ពុទ្ធជាព្រះបរមគ្រូ ដែលព្រះអង្គបានត្រាស់ដឹងចម្លងសត្វលោកឱ្យរួចផុតចាកទុក្ខ និងដើម្បីរក្សានូវអត្តសញ្ញាណវប្បធម៌សាសនាជាតិខ្មែរ សម្រាប់ជាទីគោរពសក្ការៈដ៏ថ្លៃថ្លាឧត្តុងឧត្តមរបស់បងប្អូនពុទ្ធសាសនិកជនទាំងអស់គ្នា គោរពប្រណិប័តន៍ ហើយព្រះពុទ្ធបដិមាដ៏ស្កឹមស្កៃនេះ នឹងគង់ជាសម្បត្តិវប្បធម៌សាសនាជាតិខ្មែរជារៀងរហូត៕







