តើក្រុមហ៊ុនអ្នកឧកញ៉ា សុខ គង់ សាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រ ដល់ផ្នែកណាហើយ?

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន សូគីម៉ិច អុិនវេសមេន គ្រុប របស់អ្នកឧកញ៉ា សុខ គង់ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦នេះ បានបង្ហាញពីវឌ្ឍនភាពនៃគម្រោងសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រ នៅលើខ្នងភ្នំបូកគោ ខេត្តកំពត ដែលបច្ចុប្បន្ននេះ ការសាងសង់បានឈានដល់ផ្នែកព្រះកាយរបស់ព្រះអង្គហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃអង្គារនេះ ក្រុមហ៊ុនបានបង្ហាញឱ្យដឹងលើបណ្តាញសង្គមបែបនេះថា៖ “ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រ នឹងលេចរូបរាងយ៉ាងស្កឹមស្គៃលើភ្នំបូកគោក្នុងពេលឆាប់ៗ។ បច្ចុប្បន្ន ការសាងសង់បានឈានដល់ផ្នែកព្រះកាយរបស់ព្រះអង្គហើយ។ ដូចដែលបងប្អូនបានឃើញក្នុងរូបភាព ផ្នែកព្រះភ្នែន របស់ព្រះអង្គបានលេចរូបរាងឡើងយ៉ាងច្បាស់ ដែលគ្រាន់តែ កម្ពស់ព្រះភ្នែននេះគឺមានទំហំដល់ទៅ ១៦,២ ម៉ែត្រទៅហើយ! មិនយូរទៀតទេ យើងនឹងបានឃើញរូបសំណាក់ពេញលេញនៃព្រះពុទ្ធប្បដិមាដ៏ខ្ពស់ និងធំបំផុតនេះ បង្ហាញវត្តមានយ៉ាងស្កឹមស្គៃលើខ្នងភ្នំបូកគោ”។

កាលចុងឆ្នាំ២០២៥ ក្រុមហ៊ុនបានបញ្ចប់ការសាងសង់ខឿននិងបល្ល័ង្កព្រះអង្គ ដែលមានកម្ពស់សរុប ២៧ម៉ែត្រ ហើយបន្ទាប់មក ក្រុមហ៊ុនក៏បានចាប់ផ្ដើមបន្តតម្លើងពុម្ព ដើម្បីកសាងរូបព្រះអង្គ។ នៅចុងខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមហ៊ុន បានបញ្ជាក់ប្រាប់ Oknha News ឱ្យដឹងថា ការដ្ឋានសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រ នៅលើខ្នងភ្នំបូកគោ បានបញ្ចប់ការសាងសង់បល្ល័ង្កផ្កាឈូកហើយ និងកំពុងបន្តដំណើរការយ៉ាងសកម្មនៃការសាងសង់ព្រះពុទ្ធប្បដិមាផ្ចាញ់មារអង្គធំ។ 

សូមជម្រាបថា អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សូគីម៉ិច អុិនវេសមេន គ្រុប បាននឹងកំពុងដឹកនាំដំណើរការ​សាងសង់​ព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រដ៏ស្កឹមស្កៃ នៅលើខ្នងភ្នំបូកគោ ដើម្បីរំលឹកគុណដល់ព្រះសម្មាសម្ពុទ្ធ​ជាព្រះបរមគ្រូ ដែលព្រះអង្គបានត្រាស់ដឹងចម្លងសត្វលោកឱ្យរួចផុតចាកទុក្ខ និងដើម្បីរក្សានូវអត្តសញ្ញាណវប្បធម៌​សាសនាជាតិខ្មែរ សម្រាប់ជាទីគោរពសក្ការៈដ៏ថ្លៃថ្លាឧត្តុងឧត្តម​របស់បងប្អូនពុទ្ធសាសនិកជនទាំងអស់គ្នា គោរព​ប្រណិប័តន៍ ហើយព្រះពុទ្ធបដិមាដ៏ស្កឹមស្កៃនេះ នឹងគង់ជាសម្បត្តិវប្បធម៌សាសនាជាតិខ្មែរជារៀងរហូត៕