ក្រុមហ៊ុន VinFast របស់អ្នកមានដាច់គេនៅវៀតណាម កើបចំណូលបានជាង ៣,៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥

អន្តរជាតិ

ក្រុមហ៊ុន VinFast ដែលគ្រប់គ្រងដោយមហាសេដ្ឋីមានដាច់គេរបស់ប្រទេសវៀតណាម លោក Pham Nhat Vuong បានកត់ត្រាប្រាក់ចំណូលសរុបរបស់ខ្លួនចំនួន ៩០ ៤២៧ពាន់លានដុង ឬស្មើប្រមាណជាង ៣,៤ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៥ ដែលជាកើនឡើង ១៣៩% ធៀបទៅនឹងឆ្នាំ២០២៤ និងជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន V N Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ VinFast ប្រាក់ចំណូលដែលត្រូវបានកត់ត្រារបស់ក្រុមហ៊ុនកាលពីឆ្នាំមុន ភាគច្រើនគឺបានមកពីការលក់រថយន្តអគ្គិសនីជាចម្បង។ ក្រុមហ៊ុនបានចែកចាយរថយន្តអគ្គិសនីរបស់ខ្លួនសរុបជិត ១៩៧ ០០០ គ្រឿង ដែលជាចំនួនកើនឡើងទ្វេដងពីឆ្នាំ២០២៤។

ជាមួយនឹងលទ្ធផលទាំងនេះ VinFast គឺជាក្រុមហ៊ុនផលិតរថយន្តឈានមុខគេនៅក្នុងប្រទេសវៀតណាម ដោយកាន់កាប់ទីផ្សារក្នុងស្រុកប្រហែល ៣៦% និងជាការកើនឡើងពី ២២% ក្នុងឆ្នាំ២០២៤។ ចំនួនម៉ូតូ និងកង់អគ្គិសនីដែលលក់ដោយក្រុមហ៊ុនក៏បានកើនឡើងផងដែរ រហូតដល់ ៤៧៣% ដល់ជិត ៤០៦ ៥០០ គ្រឿង។

ជម្រាបជូនថា VinFast គឺជាក្រុមហ៊ុនផលិតរថយន្ត ដែលបង្កើតឡើងដោយមហាសេដ្ឋី Pham Nhat Vuong ក្នុងឆ្នាំ២០១៧។ បួនឆ្នាំក្រោយមក ក្រុមហ៊ុនបានផ្លាស់ប្តូរទាំងស្រុងទៅផលិតរថយន្តអគ្គិសនីសុទ្ធ ដោយបិទអាជីវកម្មរថយន្តដែលដំណើរការដោយប្រេងសាំងរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនអាចនឹងចាប់ផ្តើមលក់រថយន្តប្រភេទកូនកាត់ Hybrid វិញនៅឆ្នាំនេះ៕​