ប្រជាពលរដ្ឋ នឹងអាចឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ខាងមុខនេះ ខណៈស្ពាននេះ បច្ចុប្បន្នសម្រេចបាន ៩៩,៨% ហើយ។នេះបើយោងតាមដំណើរចុះពិនិត្យគម្រោងសាងសង់ផ្ទាល់ដឹកនាំដោយ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង កាលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ តំណាងក្រុមហ៊ុនសាងសង់សៀងហៃ និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន។

ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានណែនាំឱ្យក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស រៀបចំដំឡើងផ្លាកសញ្ញាចរាចរណ៍ និងប្រព័ន្ធភ្លើងបំភ្លឺលើស្ពានឱ្យបានគ្រប់គ្រាន់ មុននឹងដាក់ឱ្យប្រជាពលរដ្ឋឆ្លងកាត់នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។
គិតមកដល់បច្ចុប្បន្ន ការងារសាងសង់តួស្ពានសម្រេចបានប្រមាណ ៩៩,៨% ខណៈដែលវឌ្ឍនភាពគម្រោងទាំងមូល រួមទាំងការសាងសង់ផ្លូវតភ្ជាប់ សម្រេចបានប្រមាណ ៩៧%។ តាមការប៉ាន់ស្មាន គម្រោងនេះគ្រោងនឹងបញ្ចប់ជាស្ថាពរនៅចុងខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។

សូមជម្រាបថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ ជាស្ពានយុទ្ធសាស្ត្រតភ្ជាប់ការធ្វើដំណើរដ៏សំខាន់ពីស្រុកចិត្របុរី នៅត្រើយខាងកើត ភ្ជាប់នឹងស្រុកព្រែកប្រសព្វ នៅត្រើយខាងលិច។ ស្ពាននេះ ក៏នឹងលើកកម្ពស់ដល់ប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន ពិសេស ការដឹកជញ្ជូនទិន្នផលកសិ-ឧស្សាហកម្ម រួមទាំងការតភ្ជាប់វិស័យទេសចរណ៍ពីខេត្តកំពង់ធំ ទៅកាន់ភូមិភាគឦសានបានកាន់តែងាយស្រួលបន្ថែមទៀត៕ អត្ថបទ៖ហ្សាលីន

