ក្រុមហ៊ុនមួយរបស់ចិន ចាប់អារម្មណ៍វិនិយោគលើវិស័យថាមពលកកើតទ្បើងវិញនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

គណៈប្រតិភូក្រុមហ៊ុន Xingtai Shunhe Biotechnology Co., Ltd. មកពីខេត្តហឺប៉ី សាធារណរដ្ឋប្រជាមានិតចិន មានបំណងវិនិយោគនៅកម្ពុជាក្នុងវិស័យថាមពលស្អាត និងថាមពលកកើតទ្បើងវិញកម្ពុជា ដើម្បីធានាការកាត់បន្ថយផលប៉ះពាល់បរិស្ថាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បំណងនេះ បានបង្ហាញឡើងនៅក្នុងជំនួបពិភាក្សារវាងលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោកស្រី លី ជៀ (Li Jie) ប្រធានក្រុមហ៊ុន Xingtai Shunhe Biotechnology Co., Ltd. នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ។

នាឱកាសនោះ លោក ជា វុទ្ធី បានជម្រាបស្ថានភាពវិនិយោគនៅកម្ពុជា ជាពិសេសរំហូរវិនិយោគចិនមកកម្ពុជាមានការកើនទ្បើងគួរជាទីកត់សម្គាល់ ដោយប្រភពទុនវិនិយោគមកពីប្រទេសចិនបានឈរនៅលំដាប់លេខរៀងទី១ ឬទី២ជាបន្តបន្ទាប់ក្នុងរយៈពេលជាង១ទសវត្សរ៍ចុងក្រោយនេះ។ លោក បន្តថា ដោយសារទំហំវិនិយោគរបស់ចិនមកកម្ពុជាមានទំហំធំ ហើយការនាំចូលពីចិនក៏មានទំហំធំផងដែរ។

លោក ក៏ស្នើក្រុមហ៊ុនគិតគូរប្រើប្រាស់វត្ថុធាតុ ឬផលិតផលពាក់កណ្តាលសម្រេចក្នុងស្រុកជាធាតុចូលផលិតកម្មឱ្យបានច្រើនជាអតិបរមា ជាជាងការនាំចូល ដើម្បីចូលរួមបង្កើតតម្លៃបន្ថែមក្នុងស្រុក និងធានាដល់ខ្សែច្រវាក់ផ្គត់ផ្គង់។

ជុំវិញរឿនេះ លោកស្រី លី ជៀ បានលើកឡើងថា ក្រុមហ៊ុនមានបំណងវិនិយោគនៅកម្ពុជាក្នុងវិស័យថាមពលស្អាត និងថាមពលកកើតទ្បើងវិញ ជាពិសេសសំដៅលើកកម្ពស់សុវត្ថិភាពថាមពលនៅកម្ពុជា និងធានាកាត់បន្ថយផលប៉ះពាល់បរិស្ថាន។ លោកស្រីថា ផលិតផលប្រេងឥន្ធនៈពីអេតាណុលនេះអាចយកទៅប្រើប្រាស់សម្រាប់រថយន្ត ទូក កប៉ាល់ យន្តហោះ និងការចម្អិតអាហារ។ ហេតុនេះ តាមរយៈជំនួប នេះ ក្រុមហ៊ុនកាន់តែមានឆន្ទៈខ្ពស់ក្នុងការវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលជាមួយប្រទេសកម្ពុជា ក៏ដូចជារួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យថាមពលនាពេលខាងមុខ។

សូមជម្រាបថា ក្រុមហ៊ុន Xingtai Shunhe Biotechnology Co., Ltd. គឺជាក្រុមហ៊ុនឈានមុខគេក្នុងការផ្គត់ផ្គង់ថាមពល (ប្រេងឥន្ធនៈពីអេតាណុល) នៅប្រទេសចិន។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏មានស្ថានីយប្រេងឥន្ទនៈផ្ទាល់ខ្លួនចំនួន៧២ ផងដែរនៅប្រទេសចិន៕ អត្ថបទ៖ ហ្សាលីន