(ក្រុងសៀមរាប)៖ ក្រសួងទេសចរណ៍នឹងរៀបចំ ព្រឹត្តិការណ៍មហោស្រពសិល្បៈតាមដងផ្លូវអន្តរជាតិកម្ពុជា-ចិន ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២៦នេះ នៅតំបន់ផាប់ស្ទ្រីត (Pub Street) ខេត្តសៀមរាប ដើម្បីជំរុញការផ្សព្វផ្សាយយុទ្ធនាការ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន» ឱ្យបានកាន់តែទូលំទូលាយ។

ព្រឹត្តិការណ៍នេះ រៀបចំឡើងដើម្បីអនុវត្តយុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» និងផ្សព្វផ្សាយការអនុវត្តសាកល្បង ការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ដែលកាន់លិខិតឆ្លងដែន នៃសាធារណរដ្ឋចិន ដោយផ្ដល់រយៈពេលស្នាក់នៅរយៈពេល ១៤ ថ្ងៃ អំឡុងពេល ៤ ខែ គិតចាប់ពីថ្ងៃទី ១៥ ខែមិថុនា ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៦ សំដៅទាក់ទាញភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាកាន់តែច្រើនថែមទៀតផង។
យោងតាមក្រសួងទេសចរណ៍ នៅក្នុងឆ្នាំ ២០២៥ កម្ពុជាស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ៥,៥ លាននាក់ ធ្លាក់ចុះ ១៦,៩% ធៀបនឹងឆ្នាំ ២០២៤ ដែលមានចំនួន ៦,៧ លាននាក់ ដោយសារបញ្ហាប្រឈមភូមិសាស្ត្រនយោបាយពិភពលោក និងសង្គ្រាមព្រំដែនកម្ពុជា-ថៃ។
ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិជាង ៥,៥ លាននាក់ មានទេសចរវៀតណាមឈរនៅលំដាប់លេខរៀងទី១ ចំនួន ១,២ លាននាក់ ធ្លាក់ចុះ ៨,៨% ទេសចរចិន ១,២ លាននាក់ កើន ៤១,៤% ថៃ ១ លាននាក់ ធ្លាក់ចុះ ៥២% អាមេរិក ២០ ម៉ឺននាក់ ធ្លាក់ចុះ ៣,៦% និងទេសចរកូរ៉េ ១,៥ ម៉ឺននាក់ ធ្លាក់ចុះ ២០,៦%៕


