ស្ងាត់ៗ! ចិន-វៀតណាម ធ្វើសមយុទ្ធជើងទឹកបាញ់គ្រាប់ពិត នៅឈូងសមុទ្រតុងកឹង

អន្តរជាតិ

ឆ្លៀតឱកាសអាម៉េរិក-អ៊ីស្រាអែលវាយប្រហារអ៊ឺរ៉ង់នៅមជ្ឈិមបូព៌ា និងភាពតានតឹងតាមបណ្តោយព្រំដែនកម្ពុជា-ថៃនៅតែបន្ត ប្រទេសចិននិងវៀតណាម បានប្រកាសចាប់ដៃគ្នាធ្វើសមយុទ្ធជើងទឹកបាញ់គ្រាប់ពិតដ៏កម្រមួយ ដែលបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅតំបន់អាស៊ីអាគ្នេយ៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសារព័ត៌មានឆៃណាផុស បានចុះផ្សាយកាលពីថ្ងៃទី១៧ខែមីនានេះ ថាកងទ័ពជើងទឹកនៃប្រទេសទាំងពីរ បានព្រមព្រៀងគ្នាពង្រីកវិសាលភាពនៃសមយុទ្ធរួម ដោយដាក់បញ្ចូលទាំងការហ្វឹកហ្វឺនបាញ់គ្រាប់ពិតជាមួយនឹងអាវុធធុនស្រាលផងដែរ ធ្វើឡើងរយៈពេល២ថ្ងៃចាប់ផ្តើមថ្ងៃទី១៨-១៨មីនានេះ ក្នុងឈូងសមុទ្រតុងកឹង។

វរសេនីយ៍ឯក Do Minh អនុមេបញ្ជាការតំបន់ទី៤ នៃកងទ័ពជើងទឹកវៀតណាម បានលើកឡើងថា ការហ្វឹកហ្វឺននិងល្បាតរួមគ្នានេះ នឹងជួយបង្កើនការយល់ដឹងនិងទំនុកចិត្ត រវាងកងទ័ពជើងទឹកទាំងពីរ ហើយនឹងរួមចំណែកដល់ការបង្រួបបង្រួមទំនាក់ទំនងមិត្តភាពរវាងវៀតណាម-ចិន។

មិនមែនជារឿងធម្មតាឡើយដែលប្រទេសទាំងពីរ ធ្វើសមយុទ្ធបាញ់គ្រាប់ពិតរួម ព្រោះថា វៀតណាមនិងចិន កំពុងជាប់ក្នុងជម្លោះសមុទ្រចិនខាងត្បូងជាមួយគ្នា។ អ្នកជិតខាងទាំងពីរ គឺជាគូរជម្លោះដ៏រ៉ាំរ៉ៃបំផុតលើអធិបតេយ្យភាពដែនសមុទ្រ ពិសេសនៅប្រជុំកោះ Paracel និង Spratly។ កន្លងមក នាវាឆ្មាំសមុទ្រនៃប្រទេសទាំងពីរតែងតែមានការប៉ះទង្គិចគ្នា និងដេញបាញ់ទឹកដាក់គ្នាជារឿយៗ៕