លោក Jason Chang ប្រធានក្រុមហ៊ុន ASE Technology Holding ដែលមានមូលដ្ឋាននៅតៃវ៉ាន់ បានក្លាយជាអ្នកមានបំផុតនៅក្នុងប្រទេសសិង្ហបុរី សម្រាប់បញ្ជីឈ្មោះមហាសេដ្ឋីពិភពលោករបស់ទស្សនាវដ្តី Forbes ឆ្នាំ២០២៦ ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ១៤,២ពាន់លានដុល្លារ ពោលគឺបានកើនឡើងទ្វេដងធៀបទៅនឹងឆ្នាំមុន។

លោក Chang កើតនៅខែឧសភា ឆ្នាំ១៩៤៤ នៅទីក្រុងសៀងហៃ ប្រទេសចិន ប៉ុន្តែនៅពេលដែលគ្រួសាររបស់លោកបានផ្លាស់ទៅរស់នៅតៃវ៉ាន់ លោកបានធំធាត់នៅទីនោះ ហើយបានសិក្សាផ្នែកវិស្វកម្មអេឡិចត្រូនិចនៅសាកលវិទ្យាល័យជាតិតៃវ៉ាន់ មុនពេលទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែកវិស្វកម្មឧស្សាហកម្មពីវិទ្យាស្ថានបច្ចេកវិទ្យាអ៊ីលីណយ សហរដ្ឋអាមេរិក។
នៅឆ្នាំ១៩៨៤ លោក Chang បានបញ្ចុះបញ្ចូលម្តាយរបស់លោកដែលជាអ្នកជំនួញអចលនទ្រព្យ ឲ្យវិនិយោគលើឧស្សាហកម្មបន្ទះឈីប Semiconductor ដែលនាំឲ្យមានការបង្កើតក្រុមហ៊ុន Advanced Semiconductor Engineering ជាមួយប្អូនប្រុសរបស់លោក គឺលោក Richard Chang។
ក្រោយមកក្រុមហ៊ុន ASE Technology Holding ត្រូវបានចុះបញ្ជីនៅក្នុងទីផ្សារហ៊ុនរបស់តៃវ៉ាន់ និងនៅទីផ្សារហ៊ុនរបស់ទីក្រុងញ៉ូយ៉ក។ ទ្រព្យសម្បត្តិរបស់ Chang ភាគហ៊ុនទទួលបានពីការកាន់កាប់ភាគហ៊ុនប្រហែល ២២% នៅក្នុងក្រុមហ៊ុនបន្ទះឈីបនេះ។
ជម្រាបជូនថា លោក Chang បានរៀបការហើយ និងមានកូនចំនួនបីនាក់។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ព័ត៌មានផ្ទាល់ខ្លួនរបស់លោកហាក់មិនត្រូវបានគេបង្ហាញជាសាធារណៈនោះឡើយ ដោយត្រឹមដឹងថាលោកមានសញ្ជាតិសិង្ហបុរី ប៉ុន្តែលំនៅដ្ឋានចម្បងរបស់លោកស្ថិតនៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់៕

