មហាសេដ្ឋីបន្ទះឈីប Jason Chang កើនទ្រព្យសម្បត្តិទ្វេដង ឡើងតំណែងអ្នកមានដាច់គេនៅសិង្ហបុរី

អន្តរជាតិ

លោក Jason Chang ប្រធានក្រុមហ៊ុន ASE Technology Holding ដែលមានមូលដ្ឋាននៅតៃវ៉ាន់ បានក្លាយជាអ្នកមានបំផុតនៅក្នុងប្រទេសសិង្ហបុរី សម្រាប់បញ្ជីឈ្មោះមហាសេដ្ឋីពិភពលោករបស់ទស្សនាវដ្តី Forbes ឆ្នាំ២០២៦ ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ១៤,២ពាន់លានដុល្លារ ពោលគឺបានកើនឡើងទ្វេដងធៀបទៅនឹងឆ្នាំមុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Chang កើតនៅខែឧសភា ឆ្នាំ១៩៤៤ នៅទីក្រុងសៀងហៃ ប្រទេសចិន ប៉ុន្តែនៅពេលដែលគ្រួសាររបស់លោកបានផ្លាស់ទៅរស់នៅតៃវ៉ាន់ លោកបានធំធាត់នៅទីនោះ ហើយបានសិក្សាផ្នែកវិស្វកម្មអេឡិចត្រូនិចនៅសាកលវិទ្យាល័យជាតិតៃវ៉ាន់ មុនពេលទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែកវិស្វកម្មឧស្សាហកម្មពីវិទ្យាស្ថានបច្ចេកវិទ្យាអ៊ីលីណយ សហរដ្ឋអាមេរិក។

នៅឆ្នាំ១៩៨៤ លោក Chang បានបញ្ចុះបញ្ចូលម្តាយរបស់លោកដែលជាអ្នកជំនួញអចលនទ្រព្យ ឲ្យវិនិយោគលើឧស្សាហកម្មបន្ទះឈីប Semiconductor ដែលនាំឲ្យមានការបង្កើតក្រុមហ៊ុន Advanced Semiconductor Engineering ជាមួយប្អូនប្រុសរបស់លោក គឺលោក Richard Chang។

ក្រោយមកក្រុមហ៊ុន ASE Technology Holding ត្រូវបានចុះបញ្ជីនៅក្នុងទីផ្សារហ៊ុនរបស់តៃវ៉ាន់ និងនៅទីផ្សារហ៊ុនរបស់ទីក្រុងញ៉ូយ៉ក។ ទ្រព្យសម្បត្តិរបស់ Chang ភាគហ៊ុនទទួលបានពីការកាន់កាប់ភាគហ៊ុនប្រហែល ២២% នៅក្នុងក្រុមហ៊ុនបន្ទះឈីបនេះ។

ជម្រាបជូនថា លោក Chang បានរៀបការហើយ និងមានកូនចំនួនបីនាក់។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ព័ត៌មានផ្ទាល់ខ្លួនរបស់លោកហាក់មិនត្រូវបានគេបង្ហាញជាសាធារណៈនោះឡើយ ដោយត្រឹមដឹងថាលោកមានសញ្ជាតិសិង្ហបុរី ប៉ុន្តែលំនៅដ្ឋានចម្បងរបស់លោកស្ថិតនៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់៕​