ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សរសើរអ្នកឧកញ៉ា ហុង ពីវ ដែលសាងសង់បុរី និងខុនដូ ត្រូវតាមស្ថានភាពពលរដ្ឋខ្មែរ

ជុំវិញ​ឧកញ៉ា

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅរសៀល​ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បានសរសើរដល់ អ្នកឧកញ៉ា ហុង ពីវ ដែលបានសាងសង់បុរីពិភពថ្មី និងពិភពថ្មី ខុនដូ ក្នុងតម្លៃមួយសមរម្យ ស័ក្តិសមសម្រាប់ជីវភាពរបស់ប្រជាពលរដ្ឋខ្មែរភាគច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងរបស់ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ខាងលើនេះ បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តម អញ្ជើញ​ជាអធិបតីភាពក្នុងពិធីបើកវេទិកាស្តីពីការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីអភិវឌ្ឍទ្រនំសុភមង្គល ភូមិឋានក្សេមក្សាន្ត និងបុរីជនបទសម្រាប់ប្រជាជនកម្ពុជា នៅទីស្តីការក្រសួងរៀបចំដែនដី នៅរសៀលថ្ងៃទី១៨ ខែមីនានេះ ដោយមានការចូលរួមពី ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា អង្គការ Habitat for Humanity និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ថ្លែងក្នុងវេទិកា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា បច្ចុប្បន្នមានបុរីមួយចំនួន បានលក់ក្នុងតម្លៃមួយ​ខ្ពស់​ហួសពីជីវភាពរបស់ប្រជាពលរដ្ឋ ដែលអាចមានលទ្ធភាពទៅទិញបាន។ ប៉ុន្តែលោកមើលឃើញ និងសូមកោតសរសើរ​ដល់ អ្នកឧកញ៉ា ហុង ពីវ ដែលអាចសាងសង់បុរីពិភពថ្មី ជាផ្ទះល្វែងក្នុងតម្លៃចន្លោះពី ៥ម៉ឺនដុល្លារ ទៅ៦ម៉ឺនដុល្លារ និងខុនដូ តម្លៃក្រោម ២ម៉ឺនដុល្លារ ហើយតម្លៃនេះពិតជាស័ក្តិសមនិងត្រូវតាមស្ថានភាពកត្តាជីវភាពរបស់ប្រជាជន​កម្ពុជាយើងភាគច្រើន។

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់បន្ថែមថា ក្នុងនាមឯកឧត្តមផ្ទាល់ និងក្នុងនាមក្រសួងរៀបចំដែនដី លោកចង់ឃើញពលរដ្ឋខ្មែរ មានផ្ទះរស់នៅដោយខ្លួនឯង ដោយពុំចាំបាច់ជួលផ្ទះគេរស់នៅ ព្រមទាំងចង់ឱ្យគ្រួសារនីមួយៗរក្សាបាននូវចំណូលជាប្រចាំ បង្កើនប្រាក់សន្សំ បន្ថយបំណុលគ្រួសារ មានម្ហូបលើតុ កូនៗអាចទៅសិក្សា​ចប់ចុងចប់ដើម មានពេលវេលាជាមួយគ្រួសារ និងមានជម្រកទ្រនំសុភមង្គល៕