ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បានសរសើរដល់ អ្នកឧកញ៉ា ហុង ពីវ ដែលបានសាងសង់បុរីពិភពថ្មី និងពិភពថ្មី ខុនដូ ក្នុងតម្លៃមួយសមរម្យ ស័ក្តិសមសម្រាប់ជីវភាពរបស់ប្រជាពលរដ្ឋខ្មែរភាគច្រើន។

ការលើកឡើងរបស់ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ខាងលើនេះ បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវេទិកាស្តីពីការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីអភិវឌ្ឍទ្រនំសុភមង្គល ភូមិឋានក្សេមក្សាន្ត និងបុរីជនបទសម្រាប់ប្រជាជនកម្ពុជា នៅទីស្តីការក្រសួងរៀបចំដែនដី នៅរសៀលថ្ងៃទី១៨ ខែមីនានេះ ដោយមានការចូលរួមពី ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា អង្គការ Habitat for Humanity និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
ថ្លែងក្នុងវេទិកា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា បច្ចុប្បន្នមានបុរីមួយចំនួន បានលក់ក្នុងតម្លៃមួយខ្ពស់ហួសពីជីវភាពរបស់ប្រជាពលរដ្ឋ ដែលអាចមានលទ្ធភាពទៅទិញបាន។ ប៉ុន្តែលោកមើលឃើញ និងសូមកោតសរសើរដល់ អ្នកឧកញ៉ា ហុង ពីវ ដែលអាចសាងសង់បុរីពិភពថ្មី ជាផ្ទះល្វែងក្នុងតម្លៃចន្លោះពី ៥ម៉ឺនដុល្លារ ទៅ៦ម៉ឺនដុល្លារ និងខុនដូ តម្លៃក្រោម ២ម៉ឺនដុល្លារ ហើយតម្លៃនេះពិតជាស័ក្តិសមនិងត្រូវតាមស្ថានភាពកត្តាជីវភាពរបស់ប្រជាជនកម្ពុជាយើងភាគច្រើន។
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់បន្ថែមថា ក្នុងនាមឯកឧត្តមផ្ទាល់ និងក្នុងនាមក្រសួងរៀបចំដែនដី លោកចង់ឃើញពលរដ្ឋខ្មែរ មានផ្ទះរស់នៅដោយខ្លួនឯង ដោយពុំចាំបាច់ជួលផ្ទះគេរស់នៅ ព្រមទាំងចង់ឱ្យគ្រួសារនីមួយៗរក្សាបាននូវចំណូលជាប្រចាំ បង្កើនប្រាក់សន្សំ បន្ថយបំណុលគ្រួសារ មានម្ហូបលើតុ កូនៗអាចទៅសិក្សាចប់ចុងចប់ដើម មានពេលវេលាជាមួយគ្រួសារ និងមានជម្រកទ្រនំសុភមង្គល៕






