(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៧មីនានេះ បានចាត់វិធានការដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការនៃក្រសួងទេសចរណ៍ទាំងអស់ ឱ្យចូលរួមកាត់បន្ថយ និងសន្សំសំចៃថាមពលអគ្គិសនី នៅទីស្ដីការក្រសួងទេសចរណ៍ និងនៅមន្ទីរទេសចរណ៍រាជធានី ខេត្ត ក្នុងអំឡុងពេលបំពេញការងារ។ ក្រសួងបានដាក់ចេញនូវវិធានការដូចខាងក្រោម៖

១. កំណត់ការប្រើប្រាស់ម៉ាស៊ីនត្រជាក់៖
– កំណត់សីតុណ្ហភាពត្រឹម ២៥ °C (កម្រិតស្តង់ដាសន្សំសំចៃ) – បិទម៉ាស៊ីនត្រជាក់ក្នុងបន្ទប់ប្រជុំ ក្រោយពីបញ្ចប់ការប្រើប្រាស់
– បិទម៉ាស៊ីនត្រជាក់ ១៥ ទៅ ៣០ នាទី មុនពេលសម្រាក ឬមុនពេលបញ្ចប់ម៉ោងការងារ ២. កំណត់ការប្រើប្រាស់ប្រព័ន្ធពន្លឺ៖
– បិទអំពូលភ្លើងនៅតាមកន្លែងដែលមិនចាំបាច់ ឬកន្លែងដែលមានពន្លឺគ្រប់គ្រាន់ – បិទអំពូលភ្លើងក្នុងបន្ទប់ធ្វើការ រាល់ពេលចេញទៅខាងក្រៅលើសពី ១៥ នាទី – បិទអំពូលភ្លើងក្នុងបន្ទប់ទឹក ក្រោយពីប្រើប្រាស់រួច
– ជំរុញការប្រើប្រាស់ពន្លឺធម្មជាតិដោយបើកវាំងនន ដើម្បីឱ្យពន្លឺថ្ងៃចូលក្នុងបន្ទប់គ្រប់គ្រាន់ ជំនួសឱ្យការបើកអំពូលភ្លើង
៣. កំណត់ការប្រើប្រាស់សម្ភារៈការិយាល័យ៖
– បិទកុំព្យូទ័រ (Shut down) និងដកខ្សែភ្លើងឧបករណ៍ផ្សេងៗនៅពេលបញ្ចប់ការងារប្រចាំថ្ងៃ – កំណត់ឱ្យកុំព្យូទ័រស្ថិតក្នុងទម្រង់ “Sleep Mode” នៅពេលសម្រាក៕


