ក្រុមហ៊ុនទេសចរណ៍កាណាដាលំដាប់ពិភពលោកដ៏ល្បីល្បាញ និងមានអាយុកាលជិត៤០ឆ្នាំ គឺក្រុមហ៊ុន G Adventures បានសម្រេចជ្រើសរើសកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតទេសចរណ៍ពិភពលោក GX Summit ឆ្នាំ២០២៦។ នេះបើតាមការឱ្យដឹងពី លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។

លោក ហួត ហាក់ បានបញ្ជាក់ថា មហាសន្និបាតទេសចរណ៍ពិភពលោក GX Summit ឆ្នាំ២០២៦ គ្រោងរៀបចំនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ យោងតាមការផ្សាយរបស់ Travel Market Report បានបង្ហាញថា ការសម្រេចចិត្តនេះ គឺធ្វើឡើងដើម្បីជំរុញវិស័យទេសចរណ៍បែបសហគមន៍ឱ្យមានឥទ្ធិពលវិជ្ជមានខ្លាំងក្លាដល់សេដ្ឋកិច្ចមូលដ្ឋាន ស្របពេលដែលប្រទេសកម្ពុជា កំពុងស្ដារវិស័យទេសចរណ៍នេះយ៉ាងខ្លាំងក្លា ក្រោយពីបញ្ហាប្រឈមធំៗ កន្លងមក។
តាមរយៈសម្រង់សម្តីរបស់លោក Bruce Poon Tip ដែលជាស្ថាបនិកក្រុមហ៊ុន G Adventures លោកបានលើកឡើងថា កម្ពុជា គឺជាគោលដៅទេសចរណ៍ដ៏អស្ចារ្យ និងមានសុវត្ថិភាពបំផុតប៉ុន្តែពិតណាស់ត្រូវការការគាំទ្របន្ថែម ដើម្បីលើកកម្ពស់ជីវភាពប្រជាជន តាមរយៈទេសចរណ៍។
ប្រភពព័ត៌មានដដែលបានឱ្យដឹងថា ក្រុមហ៊ុន គ្រោងនឹងរៀបចំព្រឹត្តិការណ៍ GX Cambodia ចាប់ពីថ្ងៃទី២៣ ដល់ ២៨ ខែកញ្ញា ឆ្នាំ២០២៦ ដោយនឹងនាំមកនូវភ្នាក់ងារទេសចរណ៍ ដៃគូពាណិជ្ជកម្ម អ្នកបង្កើតមាតិកា និងថ្នាក់ដឹកនាំក្នុងឧស្សាហកម្មទេសចរណ៍ជុំវិញពិភពលោក មកជួបជុំគ្នានៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដើម្បីស្វែងយល់ពីវប្បធម៌ អរិយធម៌បុរាណ ប្រពៃណីទំនៀមទំលាប់ដ៏សម្បូរបែប និងជាកិច្ចគាំទ្រដល់គម្រោងសហគមន៍ទេសចរណ៍នានាដោយផ្ទាល់៕

