ប្រមុខកាទូតកម្ពុជា៖ ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

នៅក្នុងបទសម្ភាសន៍ជាលាយលក្ខណ៍អក្សរកាលពីពេលថ្មីៗនេះជាមួយប្រព័ន្ធផ្សព្វផ្សាយចិន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា បាននិយាយថា៖ «តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ខណៈដែលផ្លូវល្បឿនលឿន និងអាកាសយានដ្ឋាននឹងចូលរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចបន្ថែមទៀត»

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកថា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ក៏បានជំរុញការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា ការកសាងសមត្ថភាពតាមស្ថាប័ន ការចែករំលែកចំណេះដឹង និងការអភិវឌ្ឍន៍ធនធានមនុស្ស ខណៈដែលប្រទេសចិនផ្តល់ជំនួយតាមរយៈអាហារូបករណ៍  និងមជ្ឈមណ្ឌលស្រាវជ្រាវ។

អំពីទំនាក់ទំនងកម្ពុជា-ចិន លោក ប្រាក់ សុខុន បានគូសបញ្ជាក់ថា ទំនាក់ទំនងទ្វេភាគីបានឆ្លងកាត់ការសាកល្បងនៃពេលវេលា ហើយជាមួយនឹងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដោយមេដឹកនាំនៃប្រទេសទាំងពីរក្នុងជំនាន់ផ្សេងៗគ្នា ទំនាក់ទំនងទ្វេភាគីត្រូវបានលើកកម្ពស់ទៅជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងបានបន្តរីកចម្រើនកាន់តែរឹងមាំ។

លោកនិយាយបន្ថែមទៀតថា៖ «ប្រទេសទាំងពីរទទួលបានកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា និងផលប្រយោជន៍ជាក់ស្តែង ហើយប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជា នឹងបានក្លាយជាគោលដៅនាំចេញដ៏សំខាន់របស់កម្ពុជា»

បើតាមប្រមុខកាទូតកម្ពុជា ប្រទេសចិនគឺជាប្រភពដ៏ធំបំផុតរបស់កម្ពុជានៃការវិនិយោគផ្ទាល់ពីបរទេស ដែលជាអ្នកផ្តល់ជំនួយអភិវឌ្ឍន៍ដ៏ធំបំផុត និងជាប្រភពដ៏សំខាន់នៃភ្ញៀវទេសចរ។

បើ​និយាយ​ពីទំនាក់ទំនង​ក្នុង​វិស័យ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ជាមួយ​កម្ពុជា ​ចិន​ឈរ​នៅ​លំដាប់​ទី​១ លើ​វិស័យ​ជា​ច្រើន​។ របាយការណ៍​របស់​ស្ថាប័ន​ពាក់ព័ន្ធ​បង្ហាញ​ថា ក្នុង​មួយ​ឆ្នាំ​ៗ មាន​ក្រុមហ៊ុន​ចិន​រាប់​រយ បាន​ចុះ​បញ្ជី​វិនិយោគ​នៅ​កម្ពុជា ដែល​មាន​ដើម​ទុន​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​។

គិតក្នុងរយៈពេល១ឆ្នាំពេញ នៃឆ្នាំ២០២១ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន បានកើនឡើងដល់ ១១,១៤៤,១៧៩,២០៧.២៦ ដុល្លារ ឬកើនឡើងដល់ ៣៧.២៨ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានៃឆ្នាំ២០២០។ នេះបើយោងតាមស្ថិតិរបស់អគ្គនាយកគយនិងរដ្ឋករកម្ពុជានៃក្រសួងពាណិជ្ជកម្ម។

កាល​ពី​ឆ្នាំ​២០២០​កន្លង​ទៅ​ទៀត​សោត កម្ពុជា​និង​ចិនបាន​​សម្រេច​ចុះ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី ហើយ​តាម​រយៈ​កិច្ច​ព្រម​ព្រៀង​នេះ រដ្ឋាភិបាល​កម្ពុជា​រំពឹង​ថា ការ​នាំចេញ​ពី​កម្ពុជា​ទៅ​ចិន នឹង​មាន​ការ​កើន​ឡើង​ប្រមាណ ២៥ភាគរយ​ទៀត​។

ទន្ទឹម​គ្នា​នេះ ទំហំ​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​ពី​រដ្ឋាភិបាល​ចិន​ដល់​កម្ពុជា ទាំង​ឥណទាន​សម្បទាន និង​ហិរញ្ញប្បទាន​ឥត​សំណង ក៏​ឈរ​នៅ​លំដាប់​ទី​១​។ ដោយ​ឡែក នៅ​ក្នុង​បរិបទ​ជំងឺ​កូវីដ​១៩​ ប្រទេស​ចិន​ត្រូវ​បាន​កម្ពុជា​ជ្រើស​ជា​ប្រទេស​បង្អែកធំរបស់ខ្លួន សម្រាប់​ផ្គត់ផ្គង់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ដល់​កម្ពុជា រហូតអនុញ្ញាតិឲ្យកម្ពុជាបើកសង្គមសេដ្ឋកិច្ចពេញលេញរបស់ខ្លួនឡើងវិញផងដែរ​៕