យោងតាមសារព័ត៌មាន Wall Street Journal (WSJ) បានរាយការណ៍កាលពីថ្ងៃទី១០ ខែកញ្ញាថា មន្ទីរបញ្ចកោណ (Pentagon) កំពុងស្ថិតក្នុងការចរចាដើម្បីផ្តល់ប្រាក់កម្ចីប្រមាណ ៥ពាន់លានដុល្លារ ទៅឱ្យក្រុមហ៊ុន AI Cloud ឈ្មោះ Fluidstack ក្នុងគោលបំណងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់មជ្ឈមណ្ឌលទិន្នន័យរបស់សហរដ្ឋអាមេរិក។

ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា ថវិកានេះនឹងត្រូវផ្តល់ចេញពីការិយាល័យទុនយុទ្ធសាស្ត្រ (Office of Strategic Capital) របស់មន្ទីរបញ្ចកោណផ្ទាល់។
WSJ បានបន្ថែមថា ក្រុមហ៊ុន Fluidstack នឹងប្រើប្រាស់ប្រាក់កម្ចីនេះដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ និងសមត្ថភាពផលិតកម្មនៃសមាសភាគពាក់ព័ន្ធនឹងមជ្ឈមណ្ឌលទិន្នន័យនៅសហរដ្ឋអាមេរិក ។
គួរជម្រាបជូនផងដែរថា ជុំវិញគម្រោងផ្តល់កម្ចីនេះ បានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីខែមុនបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដោយប្រកាសអាសន្នថ្នាក់ជាតិ និងហាមឃាត់ការប្រើប្រាស់បរិក្ខារបរទេសមួយចំនួននៅក្នុងបណ្តាញអគ្គិសនីរបស់សហរដ្ឋអាមេរិក ដែលត្រូវបានប្រើប្រាស់នៅក្នុងមជ្ឈមណ្ឌលទិន្នន័យ៕

