ByteDance កំពុងចរចាលក់ក្រុមហ៊ុនបង្កើតហ្គេម Mobile Legends ក្នុងតម្លៃ ៦ពាន់លានដុល្លារ

អន្តរជាតិ

ក្រុមហ៊ុនខ្នាតយក្សចិន ByteDance កំពុងស្ថិតនៅក្នុងការចរចាដ៏ធំមួយ ដើម្បីលក់ Shanghai Moonton Technology ដែលជាស្ទឌីយោនៅពីក្រោយហ្គេមទូរស័ព្ទដ៏ពេញនិយម Mobile Legends: Bang Bang នៅឲ្យក្រុមហ៊ុន Savvy Games Group របស់ប្រទេសអារ៉ាប៊ីសាអូឌីត នៅក្នុងកិច្ចព្រមព្រៀងមួយដែលមានតម្លៃចន្លោះពី ៦ទៅ៧ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន ByteDance បានទិញក្រុមហ៊ុន Moonton ក្នុងឆ្នាំ២០២១ តាមរយៈអង្គភាពហ្គេមរបស់ខ្លួនគឺ Nuverse ដោយកិច្ចព្រមព្រៀងនេះមានតម្លៃប្រហែល ៤ពាន់លានដុល្លារ ខណៈពេលដែលក្រុមហ៊ុនដែលម្ចាស់កម្មវិធី TikTok មួយនេះ បានព្យាយាមបង្កើតអាជីវកម្មហ្គេមអន្តរជាតិដើម្បីប្រកួតប្រជែងជាមួយគូប្រជែងធំៗ។

ក្រុមហ៊ុន Moonton ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ២០១៤ ដែលជាក្រុមហ៊ុនផ្តោតសំខាន់លើការអភិវឌ្ឍហ្គេម ការបោះពុម្ពផ្សាយ និងកីឡាអេឡិចត្រូនិក។ ក្រុមហ៊ុននេះបាននិយាយថា ខ្លួនមានបុគ្គលិកសរុបជាង ២ ០០០ នាក់ និងដំណើរការការិយាល័យនៅប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន អាមេរិកឡាទីន និងចិន។

នៅលើគេហទំព័រផ្លូវការរបស់ខ្លួន ក្រុមហ៊ុន Moonton ក៏បាននិយាយផងដែរថាហ្គេម Mobile Legends: Bang Bang មានការដំឡើងជាង ១,៥ ពាន់លានដង និងអ្នកប្រើប្រាស់សកម្មប្រចាំខែជាង ១១០ លាននាក់ ហើយជាប់ចំណាត់ថ្នាក់ក្នុងចំណោមហ្គេមដែលមានអ្នកលេងច្រើនជាងគេទាំង១០ នៅក្នុងប្រទេសជាង ៨០។

ជម្រាបជូនថា ក្រុមហ៊ុន Savvy Games Group ដែលជាកម្មសិទ្ធិរបស់មូលនិធិវិនិយោគសាធារណៈរបស់ប្រទេសអារ៉ាប៊ីសាអូឌីត គឺជាក្រុមហ៊ុនហ្គេម និងកីឡាអេឡិចត្រូនិកសកលមួយ ដែលកំពុងស្វែងរកការរីកចម្រើនតាមរយៈការទិញយក ការវិនិយោគ និងការបណ្តាក់ទុនពាណិជ្ជកម្ម៕​