Toyota រំពឹងថាការលក់រថយន្តក្នុងប្រទេសថៃ អាចនឹងកើនឡើងជាង ៣ សែនគ្រឿង ក្នុងឆ្នាំនេះ

អន្តរជាតិ

បើតាមក្រុមហ៊ុន Toyota Motor Corp ប្រចាំប្រទេសថៃ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការលក់រថយន្តរបស់ខ្លួន នៅក្នុងប្រទេសនេះ រំពឹងថាអាចនឹងមានការកើនឡើង ៧,៥% ដល់ចំនួន ៣១០ ០០០ គ្រឿង នៅក្នុងឆ្នាំ ២០២៣ នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឱ្យដឹងថា ក្រុមហ៊ុន Toyota ដែលបានគ្រប់គ្រងចំណែកទីផ្សាររថយន្តនៅក្នុងប្រទេសថៃ ប្រហែលមួយភាគបី បានធ្វើការកត់ត្រាចំនួនលក់រថយន្តរបស់ខ្លួន ២៨៨ ៨០៩ គ្រឿង កាលពីឆ្នាំ ២០២២ កន្លងទៅ ពោលគឺបានកើនឡើង ២០,៥% ធៀបទៅនឹងឆ្នាំ ២០២១ ។

មិនតែប៉ុណ្ណោះ សម្រាប់ឆ្នាំ ២០២៣ នេះវិញ ក្រុមហ៊ុន Toyota ក៏កំពុងតែធ្វើការកំណត់គោលដៅរបស់ខ្លួន ដើម្បីនាំចេញរថយន្តរបស់ខ្លួន ដែលផលិតនៅប្រទេសថៃ ក្នុងចំនួន ៤០៥ ០០០ គ្រឿងផងដែរ ពោលគឺរំពឹងថាអាចកើនឡើង ៧% ពីចំនួននាំចេញ ៣៧៨ ៤៥៤ គ្រឿង កាលពីឆ្នាំមុន ។

ក្រុមហ៊ុនខ្នាតយក្សរបស់ជប៉ុនមួយនេះ បាននិយាយថា សម្រាប់ទស្សនវិស័យ នៅក្នុងទីផ្សាររថយន្ត ឆ្នាំ ២០២៣ នេះ ត្រូវបានរំពឹងថា អាចនឹងវិលទៅរកភាពធម្មតាវិញជាបណ្តើរៗ នៅពេលដែលសេដ្ឋកិច្ចនៅក្នុងប្រទេសថៃ កំពុងមានការងើបឡើងវិញផងដែរនោះ ។

សូមជម្រាបជូនផងដែរថា ប្រទេសថៃ គឺជាមូលដ្ឋានផលិតកម្ម និងនាំចេញរថយន្តដ៏ធំបំផុតមួយ នៅក្នុងតំបន់ សម្រាប់ក្រុមហ៊ុនផលិតរថយន្តកំពូលៗជាច្រើនរបស់ពិភពលោក ដែលមានដូចជា Toyota , Honda និង Mitsubishi ជាដើម ៕