មន្ទីរបញ្ចកោណ ត្រូវបានគេរាយការណ៍ថា កំពុងស្នើសុំការអនុម័តថវិកាចំនួន ២០០ពាន់លានដុល្លារបន្ថែមពីសេតវិមាន ដើម្បីដាក់ជូនសភាសម្រាប់យុទ្ធនាការនៅអ៊ីរ៉ង់។

យោងតាមកាសែត Washington Post បានរាយការណ៍នៅថ្ងៃទី១៨ ខែមីនា ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ម្នាក់នៅក្នុងរដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ថា ក្រសួងការពារជាតិសហរដ្ឋអាមេរិក ចង់ប្រើប្រាស់ផ្នែកមួយនៃថវិកា ២០០ពាន់លានដុល្លារ ដើម្បីបង្កើនការផលិតអាវុធសំខាន់ៗជាបន្ទាន់ ក្រោយវាត្រូវបានកាត់បន្ថយបន្ទាប់ពីវាយប្រហារគោលដៅរាប់ពាន់ នៅក្នុងប្រទេសអ៊ីរ៉ង់ ក្នុងរយៈពេលបីសប្តាហ៍កន្លងមក។
យោងតាមមន្ត្រីអាមេរិកជាច្រើនរូប បានបង្ហាញថាការចំណាយលើយុទ្ធនាការវាយប្រហារអ៊ីរ៉ង់បានកើនឡើងយ៉ាងឆាប់រហ័ស ដោយមានចំនួនលើសពី ១១ពាន់លានដុល្លាររួចមកហើយ ក្នុងរយៈពេលត្រឹមតែប្រាំមួយថ្ងៃដំបូងប៉ុណ្ណោះ។
តួលេខនេះមិនរាប់បញ្ចូលការចំណាយជាច្រើនដែលទាក់ទងនឹងការរៀបចំសម្រាប់ការវាយប្រហារនោះឡើយ ខណៈរដ្ឋបាលលោក ត្រាំ រហូតមកដល់ពេលនេះមិនទាន់បានផ្តល់ការវាយតម្លៃជាសាធារណៈអំពីការចំណាយ ឬចេតនាច្បាស់លាស់ទាក់ទងនឹងរយៈពេលដែលរំពឹងទុកនៃជម្លោះនោះទេ។
យ៉ាងណាមិញ សម្ពាធពីអ៊ីរ៉ង់បានបង្កើនការព្រួយបារម្ភថា ស្តុកមីស៊ីល THAAD និង Patriot របស់សហរដ្ឋអាមេរិក នឹងធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងពេលឆាប់ៗនេះ ទោះបីជាប្រធានាធិបតី លោក ត្រាំ ធ្លាប់អះអាងពីមុនថា សហរដ្ឋអាមេរិកមានឃ្លាំងអាវុធគ្មានដែនកំណត់ ហើយអាចប្រយុទ្ធបានជារៀងរហូតក៏ដោយ៕

