រវ៉ាន់ដា ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្ម និងការដោះដូរទំនិញជាមួយកម្ពុជាឱ្យកាន់តែមានសន្ទុះខ្លាំង

សង្គម​ និង​សេដ្ឋកិច្ច

សាធារណរដ្ឋរវ៉ាន់ដា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញបង្ហាញឆន្ទៈយ៉ាងមុតមាំក្នុងការជំរុញទំហំពាណិជ្ជកម្មទ្វេជាមួយកម្ពុជា និងការដោះដូរទំនិញឱ្យកាន់តែមានសន្ទុះខ្លាំងក្លាបន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមការលើកឡើងពីលោក Bakuramutsa NKBITO MANZI ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋរវ៉ាន់ដា ប្រចាំព្រះរាជាណាចក្រកម្ពុជា  ក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ដែលកិច្ចពិភាក្សានេះ ក្នុងគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាព ក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ ដើម្បីលើកកម្ពស់ឧត្តមប្រយោជន៍សេដ្ឋកិច្ចសម្រាប់ប្រជាជាតិទាំងពីរ។

នាឱកាសនោះ លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះជំនួបនាឱកាសនេះ និងបានកត់សម្គាល់ដោយក្តីសោមនស្សអំពីចំណុចដូចគ្នាជាច្រើនរវាងកម្ពុជា និងរវ៉ាន់ដា ជាពិសេសលើទិដ្ឋភាពប្រវត្តិសាស្ត្រនៃការកសាងជាតិឡើងវិញ ចេញពីចំណុចសូន្យរហូតសម្រេចបាននូវការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ឈរលើមូលដ្ឋាននេះ លោកថា ភាគីរវ៉ាន់ដាបានបង្ហាញឆន្ទៈយ៉ាងមុតមាំក្នុងការជំរុញទំហំពាណិជ្ជកម្មទ្វេភាគី និងការដោះដូរទំនិញឱ្យកាន់តែមានសន្ទុះខ្លាំងក្លាបន្ថែមទៀត។

ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញផែនការសកម្មភាពរបស់CDC សម្រាប់ឆ្នាំ២០២៦ ក្នុងការបន្តបេសកកម្មគោះទ្វារវិនិយោគនៅក្រៅប្រទេស។ ឯកឧត្តមបានបញ្ជាក់ថា តំបន់អាហ្វ្រិក ជាពិសេសប្រទេសរវ៉ាន់ដា គឺជាគោលដៅមួយក្នុងយុទ្ធសាស្ត្រទាក់ទាញវិនិយោគិន និងការស្វែងរកកាលានុវត្តភាពធុរកិច្ចថ្មីៗ។ នេះគឺជាសញ្ញាណវិជ្ជមានក្នុងការបើកច្រកសេដ្ឋកិច្ចរវាងអាស៊ីអាគ្នេយ៍ និងអាហ្វ្រិកខាងកើត តាមរយៈច្រកទ្វារកម្ពុជា-រវ៉ាន់ដា។

ឯកឧត្តម លើកឡើងពីព្រឹត្តិការណ៍ កិច្ចប្រជុំកំពូលលើកទី២០ នៃប្រទេសនិយាយភាសាបារាំង (20th Francophonie Summit ) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំនៅចុងឆ្នាំ២០២៦ ខាងមុខនេះ។ ក្នុងនាមជាសមាជិកដ៏សកម្មនៃគ្រួសារហ្វ្រង់កូហ្វូនីដូចគ្នា ជំនួបនាព្រឹកនេះក៏ជាការត្រៀមលក្ខណៈសម្របសម្រួល ដើម្បីឱ្យការចូលរួមរបស់ភាគីរវ៉ាន់ដា ក្នុងកិច្ចប្រជុំកំពូលនេះ ក្លាយជាកាតាលីករក្នុងការជំរុញទំនាក់ទំនងការទូត និងសេដ្ឋកិច្ចឱ្យកាន់តែខ្ពស់មួយកម្រិតទៀត។

សូមជម្រាបដែរថា ក្នុងជំនួបនោះ កម្ពុជា រវ៉ាន់ដា ក៏បានប្តេជ្ញាបន្តធ្វើការងារយ៉ាងជិតស្និទ្ធ ដើម្បីប្រែក្លាយស្មារតីនៃជំនួបពិភាក្សានេះ ឱ្យទៅជាសមិទ្ធផលជាក់ស្តែង តាមរយៈការរៀបចំវេទិកាធុរកិច្ច និងការផ្លាស់ប្តូរទស្សនកិច្ចរវាងវិស័យឯកជន និងឯកជន ដើម្បីធានាថាទំនាក់ទំនងកម្ពុជា-រវ៉ាន់ដា នឹងផ្តល់នូវផលប្រយោជន៍ជាអតិបរមាសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕អត្ថបទ៖ហ្សាលីន