រយៈពេល៣ឆ្នាំ ADB ផ្តល់ជំនួយប្រមាណ ៣៥០ លានដុល្លារដល់កម្ពុជា លើការពង្រីកបណ្តាញអគ្គិសនីជាតិនិងបង្កើនថាមពលបៃតងកកើតឡើងវិញ

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងរយៈពេល៣ឆ្នាំចុងក្រោយ ជំនួយបច្ចេកទេសឥតសំណង និងសម្បទាន របស់ធនាគារអភិវឌ្ឍអាស៊ី ADB ប្រមាណ ៣៥០ លានដុល្លារ ត្រូវបានផ្តល់ជូនកម្ពុជាលើការអភិវឌ្ឍវិស័យថាមពល សម្រាប់ការពង្រីកបណ្តាញអគ្គិសនីជាតិនិងបង្កើនថាមពលបៃតងកកើតឡើងវិញ។ នេះបើតាមការឱ្យដឹងពីលោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការឱ្យដឹងបែបនេះរបស់លោក កែវ រតនៈ នៅក្នុងជំនួបជាមួយ លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។

លើកឡើងលើទំហ័រហ្វេសប៊ុក លោក កែវ រតនៈ បានឱ្យដឹងបែបនេះថា «ជំនួយបច្ចេកទេសឥតសំណង និងសម្បទាន របស់ធនាគារអភិវឌ្ឍអាស៊ី ADB ក្នុងរយៈពេល៣ឆ្នាំចុងក្រោយ គិតជាសាច់ប្រាក់ប្រមាណ ៣៥០ លានដុល្លារ ត្រូវបានផ្តល់ជូនកម្ពុជាលើការអភិវឌ្ឍវិស័យថាមពល សម្រាប់ការពង្រីកបណ្តាញអគ្គិសនីជាតិនិងបង្កើនថាមពលបៃតងកកើតឡើងវិញ»។

 ជាមួយគ្នានោះ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូដ៏ល្អ និងសមត្ថភាពដឹកនាំរបស់លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងអាណត្តិបេសកកម្មបំពេញការងារនៅកម្ពុជា។

គួរបញ្ជាក់ថា គិតត្រឹមចុង​ឆ្នាំ២០២៤ ប្រភពអគ្គិសនីរបស់កម្ពុជា ​បានកើនឡើង​ដល់​ ៥.០៤៤មេហ្កាវ៉ាត់ ខណៈ​បណ្ដាញបញ្ជូន​បានកើនដល់ ៣.៨៩០​គីឡូម៉ែត្រ​ និងអនុស្ថានីយ៍ដែល​បានអភិវឌ្ឍ​បានកើនដល់ ៧០​កន្លែង​។ ជាមួយគ្នានោះ កម្ពុជា​បានដាក់​ផែនការ​ជំរុញការអភិវឌ្ឍ​គម្រោង​ប្រភពអគ្គិសនី​ថ្មី​ចំនួន ៣៦​គ​ម្រោ​ង​​ដែល​ភាគច្រើនជាប្រភព​ថាមពល​ស្អាត និងកកើតឡើងវិញ​ ក្នុង​នោះមាន​គម្រោងចំនួន ១៣​ មានអានុភាព​សរុប ​១.២៧៥​មេ​ហ្កាវ៉ាត់ កំពុង​សាងសង់ និង ​២៣​គម្រោង​ទៀត មានអានុភាព​សរុប ​៥.៩៥០មេហ្កាវ៉ាត់​ បានទទួលការអនុម័ត​​ឱ្យ​ធ្វើ​ការ​អភិវឌ្ឍ ដើម្បីពង្រីក​ប្រភពថាមពល​កកើ​តឡើងវិញនៅកម្ពុជាឱ្យបានយ៉ាង​តិច ​៧០​ភាគរយ នៅ​ក្នុង​​ល្បាយ​នៃ​ប្រភពអគ្គិសនី​​នាឆ្នាំ២០៣០៕