អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប នៅថ្ងៃទី១៩ ខែមីនានេះ បានជួបស្ត្រីម្ចាស់ចំការម្នាក់ ស្ថិតនៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលធ្វើចំការដោយមិនមានដីផ្ទាល់ខ្លួន ហើយលោកនឹងឱ្យក្រុមការងារជួយដោះស្រាយបញ្ហាលំបាកមួយចំនួនដូចជា ជួយជី និងជួយរកទីផ្សារជូន។

នៅលើបណ្តាញសង្គម អ្នកឧកញ៉ាអគ្គនាយក បានលើកឡើងបែបនេះថា៖ “ព្រឹកថ្ងៃព្រហស្បតិ៍ទី១៩ ខែមីនា ឆ្នាំ២០២៦ ធ្វើដំណើរឆ្លងកាត់តាមផ្លូវបេតុង ភូមិចុងកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រឡេកឃើញចំការខ្ញី និងចំការត្រាវដ៏ធំល្វឹងល្វើយ ហើយក៏បានឈប់ជួបលោកស្រី សួន ជាម្ចាស់ចំការគាត់មិនមានដីផ្ទាល់ខ្លួនទេ ចំការទាំងអស់នេះសុទ្ធតែជួលដីគេទេ។ ខ្ញុំសូមកោតសរសើរនិងវាយតម្លៃខ្ពស់បំផុត ចំពោះការព្យាយាមខិតខំប្រឹងប្រែងរបស់គ្រួសារគាត់ ខ្ញុំកំពុងតែអោយក្រុមការងារទំនាក់ទំនងជាមួយគាត់ ដើម្បីរកឱកាសជួយសម្រួលដោះស្រាយ ការលំបាកមួយចំនួនដូចជា ជី និងទីផ្សារ។ល”។
សូមជម្រាបថា អ្នកឧកញ៉ា ម៉ុង ឫទ្ធី ត្រូវបានគេស្គាល់ថា ជាអ្នកជំនួញជើងចាស់មួយរូបនៅកម្ពុជា លើវិស័យកសិឧស្សាហកម្ម រួមទាំងម្ចាស់ក្រុមហ៊ុនដាំដូងប្រេង រាប់ម៉ឺនហិកតា។ អ្នកឧកញ៉ា ក៏ជាម្ចាស់តំបន់កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ជាកន្លែងទេសចរណ៍បង្កើតឡើងថ្មី មានផ្ទៃដីសរុបប្រមាណ ៥០០ហិកតា នៅខេត្តកំពង់ស្ពឺ ហើយបច្ចុប្បន្នលោកក៏មានតួនាទីជាសមាជិកព្រឹទ្ធសភាផងដែរ៕






