ឧកញ៉ា វ៉ាន់ ឆារស៍ ចូលរួមពិធីចុះ MOU រវាងសមាគមអ្នកសាងសង់កម្ពុជា និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា

ជុំវិញ​ឧកញ៉ា

ឧកញ៉ា វ៉ាន់ ឆារស៍ ប្រធានសមាគមអ្នកសាងសង់កម្ពុជា (CCA) និងជានាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងសមាគមអ្នកសាងសង់កម្ពុជា និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សមាគមអ្នកសាងសង់កម្ពុជា បានឱ្យដឹងលើបណ្តាញសង្គមថា នាថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២៦ សមាគមអ្នកសាងសង់កម្ពុជា បានរៀបចំកម្មពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសំណង់ រវាងសមាគមអ្នកសាងសង់កម្ពុជា និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា ប្រកបទៅដោយជោគជ័យ។

សូមជម្រាបថា សមាគមអ្នកសាងសង់កម្ពុជា ត្រូវបានបង្កើតឡើង​​ក្រោម​ការផ្តួចផ្តើមដោយ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក​អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC ហើយ​បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​ ជាផ្លូវការ​ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១១។ លោកអ្នកឧកញ៉ា ពុង ឃាវសែ គឺជាប្រធានសមាគម​អ្នកសាងសង់កម្ពុជា កាលអាណត្តិទី៥ (២០២២-២០២៥)។ រីឯក្នុងអាណត្តិទី៦ ឧកញ៉ា វ៉ាន់ ឆារស៍ បានជាប់ឈ្មោះជា​ប្រធានសមាគម ដែលត្រូវដឹកនាំបន្តពីឆ្នាំ២០២៦ រហូតដល់ឆ្នាំ២០២៨៕