សង្ស័យករណីលួចដុត! អគ្គិភ័យឆាបឆេះក្រុមទូកនេសាទនៅថៃ ខូចខាតលុយជាង៣០​ម៉ឺនដុល្លារ

អន្តរជាតិ

(ថៃ)៖ គ្រោះអគ្គិភ័យដ៏គួរ​ឲ្យ​រន្ធត់មួយ បានលេបត្របាក់ក្រុមទូកនេសាទចំនួន​៨​គ្រឿង នៅឯកំពង់​​​ទូក​ក្នុងស្រុក Khanom នៅព្រឹកព្រលឹមថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២៦ នេះ ដែលបង្ក​ឲ្យ​មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋក្នុងតំបន់។ នេះ​បើ​យោង​​តាម​​សារព័ត៌មាន​ថៃ Khaosod។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ហេតុការណ៍នេះបានចាប់ផ្តើមឡើងនៅវេលាម៉ោងប្រហែល១​រំលងអធ្រាត្រ នៅចំណុចមាត់ព្រែក Khlong Khanom ដោយសារតែមានខ្យល់បក់បោកខ្លាំង ធ្វើ​ឲ្យ​អណ្តាតភ្លើងរីករាលដាលយ៉ាងរហ័សពីទូកមួយទៅទូកមួយទៀត​បន្តកន្ទុយ​គ្នា។ ក្រុមពន្លត់អគ្គិភ័យបានចំណាយពេលប្រហែល៤ម៉ោង ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ប៉ុន្តែជាអកុសល ទូកទាំងនោះត្រូវបានឆេះខ្ទេចអស់ទៅហើយ ដែលគេប៉ាន់ប្រមាណថាមានទំហំខូចខាតលើសពី១០​លានបាត (ប្រហែលជិត៣០​ម៉ឺនដុល្លារ)។

ទូកដែលរងគ្រោះទាំងនោះ គឺជាកម្មសិទ្ធិរបស់គ្រួសារអតីត​សមាជិកសភាម្នាក់ ហើយក៏ជាក្រុមទូកនេសាទដ៏ធំបំផុតមួយនៅក្នុងខេត្ត Nakhon Si Thammarat ផងដែរ។ ចំពោះមូលហេតុដំបូង គេសង្ស័យថាអាចមកពីឆ្លងចរន្តអគ្គិសនីនៅលើទូកមួយគ្រឿង បន្ទាប់មកទៀតត្រូវបានគេសង្ស័យថា មានជនខិលខូចលួចដុតដោយចេតនា។ យ៉ាងណាក៏ដោយ មន្ត្រីជំនាញកំពុងតែធ្វើកោសល្យវិច័យយ៉ាងដិតដល់នៅកន្លែងកើតហេតុ ដើម្បីស្វែងរកការពិត។

អ្វីដែលគួរ​ឲ្យ​កត់សម្គាល់ គឺមានការសង្ស័យពីមហាជនថា ករណីនេះអាចពាក់ព័ន្ធនឹងបញ្ហាខឹងសម្បាររឿង «កង្វះខាតប្រេងឥន្ធនៈ និងតម្លៃប្រេងឡើងថ្លៃ» នៅក្នុងតំបន់ ប៉ុន្តែប៉ូលិសមិនទាន់បានបញ្ជាក់ផ្លូវការនូវការអះអាងនេះនៅឡើយទេ។ បច្ចុប្បន្ន កម្លាំងនគរបាល និងអង្គភាពជើងទឹក កំពុងពិនិត្យមើលបំណែកទូក និងវាយតម្លៃពីផលប៉ះពាល់ដល់រចនាសម្ព័ន្ធកំពង់​ទូក​ទាំងមូល៕