រដ្ឋបាលខេត្តសៀមរាបបានជូនដំណឹងស្តីពីការធ្វើដំណើរដោយឥតបង់ថ្លៃតាមរថយន្តក្រុង(City Bus)ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦។

ក្នុងសេចក្តីជូនដំណឹងថ្ងៃទី១៩ ខែមីនា ២០២៦ រដ្ឋបាលខេត្តបានបញ្ជាក់ថា រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ បានរៀបចំរថយន្តចំនួន១១៥គ្រឿង សម្រាប់បម្រើដល់ការដឹកជញ្ជូនពីរាជធានីភ្នំពេញ មកកាន់ខេត្តសៀមរាប និងការដឹកជញ្ជូន ពីខេត្តសៀមរាបត្រឡប់ទៅរាជធានីភ្នំពេញវិញ តាមពេលវេលា និងទីតាំងចំណតដូចខាងក្រោម៖
១. ចេញដំណើរពីរាជធានីភ្នំពេញមកខេត្តសៀមរាប ទីតាំងចំណតដីឡូត៍តំបន់ OCICជ្រោយចង្វារ (រង្វង់មូលទេពមច្ឆា) រៀងរាល់ម៉ោង០៦៖៣០នាទី ដល់ម៉ោង១១៖៣០នាទី ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ មកទីតាំងចំណតមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប វិថីសម្តេចវិបុលបញ្ញា សុខ អាន (ផ្លូវ៦០ម៉ែត្រ)។
២. ចេញដំណើរពីខេត្តសៀមរាបទៅរាជធានីភ្នំពេញ តាមពេលវេលា និងទីកន្លែងដូចខាងក្រោម ៖
– ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ចេញដំណើររៀងរាល់ម៉ោង០៦៖៣០នាទី ដល់ម៉ោង១១៖៣០នាទី
– ចេញដំណើរពីទីតាំងមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប វិថីសម្តេចវិបុលបញ្ញា សុខ អាន (ផ្លូវ៦០ម៉ែត្រ) ទៅទីតាំងចំណតដីឡូត៍តំបន់ OCIC ជ្រោយចង្វារ (រង្វង់មូលទេពមច្ឆា)៕


