ទីបំផុត AK-K អ្នកលេងដៃទទេ បានផ្លាស់ប្តូរខ្សែជីវិតមានលុយពេញដៃជាមួយប្រាក់រង្វាន់ ១០០លានរៀលពីកម្មវិធី CAMBO RAPPER

កម្សាន្ត

ឆ្លងកាត់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញទីបំផុត AK-K ដែលមានរហ័ស្សនាមថា អ្នកលេងដៃទទេ ទទួលបានពានរង្វាន់ពីកម្មវិធីប្រឡងចម្រៀងរ៉េប CAMBO RAPPER ដូចក្តីប្រាថ្នារបស់ខ្លួនហើយជាមួយប្រាក់រង្វាន់១០០លានរៀលនិងនាឡិកាពេជ្រ CAMBO RAPPERយ៉ាងស្រស់ស្អាត បន្ទាប់ពីបានផ្តួលដៃគូប្រកួតអស់ជាច្រើននាក់ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្រឡងចម្រៀងរ៉េប CAMBO RAPPER វគ្គផ្តាច់ព្រ័ត្របានរៀបចំឡើងនៅថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២៦នៅទល់មុខផ្សារទំនើប ជីបម៉ុង ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ដោយមានវត្តមានថ្នាក់ដឹកនាំក្រុមហ៊ុនធំៗ សិល្បករ និងអ្នកគាំទ្រជាច្រើនចូលរួមអបអរសាទរ ។

សម្រាប់អ្នកចូលរួមទស្សនាផ្ទាល់បានលាន់មាត់សរសើរ និងស្រែកថា Wow គ្រប់ៗគ្នាពីការរៀបចំកម្មវិធី និងការតុបតែងឆាកដ៏ធំប្រណិតជាមួយពន្លឺភ្លើងពណ៌យ៉ាងស្រស់ស្អាតកម្រិតឆាកអន្តរជាតិ ជាពិសេសមានការចូលរួមសម្តែងនិងច្រៀងពីកំពូលតារាចម្រៀងល្បីៗជាច្រើនប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ដែលធ្វើឱ្យឆាក CAMOBO RAPPER កាន់តែផ្ទុះកក្រើកឡើង ។

អ្វីដែលនឹកស្មានមិនដល់គឺបេក្ខជន សុខ ពេជ្រចាន់ភារៈ ឬ AK-K ដែលមានរហ័ស្សនាមថា អ្នកលេងដៃទទេ បានផ្តួលដៃគូ៣នាក់ផ្សេងទៀតនៅវគ្គផ្តាច់ព្រ័ត្រនេះ ដើម្បីទទួលបានពានរង្វាន់ប្រាក់ ១០០លានរៀលរួមជាមួយនាឡិកាពេជ្រ CAMBO RAPPER យ៉ាងស្រស់ស្អាតពីកម្មវិធីប្រឡងចម្រៀង CAMBO RAPPER នៅក្នុងរដូវកាលទី១ ។
ជាមួយនិងក្តីរំភើបនិងពោរពេញទៅដោយមោទនភាព បេក្ខជន សុខ ពេជ្រចាន់ភារៈ ឬ AK-K អ្នកលេងដៃទទេ បានបង្ហាញនូវអារម្មណ៍រីករាយលាយឡំជាមួយទឹកភ្នែករបស់ខ្លួនថា ពេលនេះខ្លួនធ្វើបានហើយ អ្នកលេងដៃទេបានផ្លាស់ប្តូរវាសនារបស់ខ្លួននៅលើឆាក CAMBO RAPPER នៅក្នុងរដូវកាលនេះ ។

AK-K គឺជាបេក្ខជនមួយរូបដែលមានជីវភាពខ្វះខាត ជីវិតរបស់គេធ្លាប់កាត់នូវការលំបាកជាច្រើន ជាក់ស្តែងមុនក្លាយទៅជាម្ចាស់ពានរង្វាន់ CAMBO RAPPER លោកគឺជាធ្វើចម្រៀងច្រៀងដាក់ ហ្វេសប៊ុក និង យូធូប ត្រូវគេមើលងាយ មិនឱ្យតម្លៃ ប៉ុន្តែអ្វីដែលលោកបានជួបប្រទះ មិនបានធ្វើឱ្យលោកបោះបង់ចោលនោះទេ ផ្ទុយទៅវិញលោកកាន់តែខំប្រឹងប្រែង និងបានដាក់ពាក្យចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីប្រឡងចម្រៀង CAMBO RAPPERដើម្បីបន្តក្តីស្រមៃខ្លួន ។

ពេលនេះអ្នកចម្រៀងដែលធ្លាប់តែច្រៀងនៅលើ ហ្វេសប៊ុក យូធូប អ្នកលេងដៃទទេ AK-Kបានប្រែក្លាយទៅជាអ្នកមានលុយពេញដៃជាមួយប្រាក់រង្វាន់ ១០០លានរៀល នាឡិកាពេជ្រ ពីកម្មវិធីប្រឡងចម្រៀង CAMBO RAPPER ហើយ ។ ទន្ទឹមនិងការទទួលពាននេះ AK-K ក៏បានក្លាយទៅជាតារាចម្រៀងរ៉េបប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា តាមក្តីប្រាថ្នារបស់ខ្លួន ជាពិសេសត្រូវចេញច្រៀងនៅតាមកម្មវិធីប្រគំតន្រ្តីធំៗរបស់ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស ជាបន្តបន្ទាប់រួមជាមួយកំពូលតារាចម្រៀងល្បីៗជាច្រើន ។ AK-K អ្នកលេងដៃទទេជាបេក្ខជនដែលពោរពេញដោយសមត្ថភាពខ្ពស់ក្នុងការធ្វើបទចម្រៀងរ៉េបប្រកបដោយពាក្យពេចន៍ចាក់ដោត និងមាន Flow ដ៏ទាក់ទាញ ។

គួរបញ្ជាក់ផងដែរថា បេក្ខជន៤នាក់ចុងក្រោយដែលចូលរួមប្រកួតប្រជែងនៅវគ្គផ្តាច់ព្រ័ត្រកម្មវិធីប្រឡងចម្រៀង CAMBO RAPPER  រួមមាន  Ak-K , SINA , B2 និងបេក្ខជន 4L ។ថ្វីដ្បិតតែបេក្ខជន៣នាក់ដែលមិនទទួលបានពានរង្វាន់ ប៉ុន្តែនៅតែក្លាយទៅជាតារាចម្រៀងរ៉េបប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា និងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ម្នាក់១០លានរៀលផងដែរ ៕