អ៊ីរ៉ង់ ប្រកាសសងសឹកវិញយ៉ាងចាស់ដៃបំផុត បើរោងចក្រអគ្គិសនីខ្លួនត្រូវបានវាយប្រហារ

អន្តរជាតិ

យោងតាមសេចក្តីថ្លែងការណ៍របស់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បាននិយាយថាខ្លួននឹងសងសឹកវិញយ៉ាងខ្លាំងក្លាជាទីបំផុត ប្រសិនបើរោងចក្រអគ្គិសនីរបស់ខ្លួនត្រូវបានដាក់ជាគោលដៅវាយប្រហារនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ៊ីរ៉ង់ បានបង្ហាញទៀតថា ខ្លួននឹងកំណត់គោលដៅជាពិសេសទៅលើរោងចក្រថាមពលរបស់អ៊ីស្រាអែល កីដូចជារោងចក្រថាមពលផ្សេងទៀត ដែលផ្គត់ផ្គង់អគ្គិសនីដល់មូលដ្ឋានទ័ពអាមេរិក នៅក្នុងតំបន់ ប្រសិនបើមានការវាយប្រហារណាមួយមកលើរោងចក្រថាមពលអគ្គិសនីរបស់ខ្លួននោះ។

យ៉ាងណាមិញ សេចក្តីថ្លែងការណ៍ចុងក្រោយនេះ ហាក់ដូចជាបានបន្ធូបន្ថយការគំរាមកំហែងពីមុនរបស់អ៊ីរ៉ង់ ចំពោះការវាយប្រហារទៅលើរោងចក្រចម្រាញ់ទឹកប្រៃនៅក្នុងតំបន់ ដែលមានសារៈសំខាន់សម្រាប់ការផ្គត់ផ្គង់ទឹកស្អាត នៅក្នងប្រទេសតំបន់ឈូងសមុទ្រទាំងមូល។

គួរឲ្យដឹងថា នៅថ្ងៃសៅរ៍ សប្តាហ៍មុន ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា រោងចក្រ​ថាមពល​របស់​អ៊ីរ៉ង់​នឹង​ត្រូវ​បាន​កំណត់​ជាគោលដៅសម្រាប់វាយប្រហារ ប្រសិនបើ​ទីក្រុង​តេអេរ៉ង់​បរាជ័យ​ក្នុង​ការ បើកច្រកសមុទ្រ​ Hormuz ទាំងស្រុង​ សម្រាប់​ការដឹកជញ្ជូន​ទាំងអស់ ​ក្នុងរយៈពេល ៤៨ម៉ោងនោះ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីឺរ៉ង់ និយាយថា៖ “យើងនឹងប្តេជ្ញាឆ្លើយតបទៅនឹងការគំរាមកំហែងណាមួយក្នុងកម្រិតដូចគ្នានឹងការទប់ស្កាត់ ប្រសិនបើអ្នកវាយប្រហារលើរោងចក្រអគ្គិសនី យើងនឹងវាយប្រហារលើរោងចក្រអគ្គិសនីវិញដូចគ្នា”៕​