ទូតឡាវ៖ កម្ពុជា ជាមិត្តភាពដែលមានប្រវត្តិសាស្ត្រជួយគ្នាទៅវិញទៅមកហើយជាប្រទេសដន្លងនឹងគ្នា

សង្គម​ និង​សេដ្ឋកិច្ច

លោក Sonexay Vannaxay ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានលើកឡើងថា មិត្តភាពទំនាក់ទំនងរវាងកម្ពុជា និងឡាវ ជាមិត្តភាពដែលមានប្រវត្តិសាស្ត្រនៃការជួយគ្នាទៅវិញទៅមកហើយជាប្រទេសដន្លងនឹងគ្នា។លោកថ្លែងបែបនេះ តាមរយៈជំនួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន កាលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ ឯកអគ្គរដ្ឋទូតឡាវថ្មីប្រចាំកម្ពុជា បានរំលេចអំពីទំនាក់ទំនងរវាងកម្ពុជា និងឡាវ នាពេលកន្លងមក និងបច្ចុប្បន្ន គឺជាទំនាក់ទំនងដ៏ល្អប្រសើរ ដែលភាគីទាំងពីរជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គង់វង្ស និងយូរអង្វែងជាមួយគ្នា ហើយមិត្តភាពទំនាក់ទំនងរវាងកម្ពុជា និងឡាវ ជាមិត្តភាពដែលមានប្រវត្តិសាស្ត្រនៃការជួយគ្នាទៅវិញទៅមកហើយជាប្រទេសដន្លងនឹងគ្នា។

លោកឯកអគ្គរដ្ឋទូតឡាវ បានរំលេចទៀតថា ឆ្នាំ២០២៦នេះ គឺជាខួប៧០ឆ្នាំនៃទំនាក់ទំនងរវាងកម្ពុជា និងឡាវ ហើយក្នុងពេលដែលលោកទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីនេះ និងប្ដេជ្ញាខិតខំប្រឹងប្រែងពូនជ្រំទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ រីកចម្រើនបន្តទៀត។

ជាមួយគ្នានេះ សម្ដេចតេជោបានសសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូតឡាវ ដែលបានលើកឡើងជុំវិញបរិបទនៃទំនាក់ទំនងរវាងកម្ពុជា និងឡាវដែលមានភាពជិតស្និទ្ធជាមួយគ្នា។ សម្ដេចតេជោ ថា កម្ពុជា និងឡាវមានប្រវត្តិសាស្រ្ដនៃទំនាក់ទំនងរវាងប្រទេសទាំងពីរតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ននៅតែមានទំនាក់ទំនងល្អ ស្អិតរមួតហើយប្រទេសទាំងពីរជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គង់វង្សយូរអង្វែងជាមួយគ្នា។ សម្ដេចតេជោបានរំលេចថា ជាមិត្តដែលមានជចិត្តស្មោះសនឹងគ្នាជានិច្ច។

តាមរយៈជំនួបខាងលើ សម្តេចតេជោ ក៏បានជំរុញនូវទំនាក់ទំនងបន្ថែមទៀតរវាងកម្ពុជា និងឡាវ ដោយសម្ដេចជំរុញឱ្យប្រទេសទាំងពីរពង្រីកនូវកិច្ចសហប្រតិបត្តិការជាមួយគ្នានៅក្នុងក្របខ័ណ្ឌនៃពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគជាមួយគ្នាឱ្យកាន់តែមានការកើនឡើងច្រើនថែមទៀតផងដែរ៕ អត្ថបទ៖ហ្សាលីន