ហ្វីលីពីនប្រកាសអាសន្នថាមពលជាតិ​ ក្រោមវិបត្តិសង្គ្រាមមជ្ឈិមបូព៌ា

អន្តរជាតិ

(ហ្វីលីពីន)៖ ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺរឌីណង់ ម៉ាកូស ជូណៀ (Ferdinand Marcos Jr) បានប្រកាសពី​ «អាសន្នថាមពលជាតិ» ដើម្បីឆ្លើយតបទៅនឹងវិបត្តិថាមពល ដែលបង្កពី​សង្គ្រាមរវាងអ៊ីស្រាអែល-សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ​ដែលធ្វើឱ្យការផ្គត់ផ្គង់ថាមពលរបស់​ហ្វីលីពីន​កំពុង​ខិត​កាន់តែជិតគ្រោះថ្នាក់។ ​នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន Al Jazeera។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ​ម៉ាកូស បានឱ្យដឹងថា «ការប្រកាស​អាសន្ន​ថាមពលជាតិ នឹងអនុញ្ញាតឱ្យរដ្ឋាភិបាល​អនុវត្តវិធានការឆ្លើយតប និងសម្របសម្រួលក្រោមច្បាប់ដែលមានស្រាប់ ដើម្បីដោះស្រាយហានិភ័យដែលបង្កឡើង​ពីការរំខាន​ផ្នែក​ផ្គត់ផ្គង់ថាមពលសកល និងសេដ្ឋកិច្ចក្នុងស្រុក»។

លោក​បន្ថែមថា ជាផ្នែកមួយនៃការឆ្លើយតបក្នុងគ្រាអាសន្ន គណៈកម្មាធិការមួយត្រូវបានបង្កើតឡើង ដើម្បីធានាបាននូវ​ការផ្គត់ផ្គង់ ការចែកចាយ និង​ការអាចរកបាននៃប្រេងឥន្ធនៈ អាហារ ថ្នាំពេទ្យ ផលិតផលកសិកម្ម និងទំនិញចាំបាច់ផ្សេងទៀតប្រកបដោយសណ្តាប់ធ្នាប់។

​​សេចក្ដីប្រកាសអាសន្ន ដែលមានសុពលភាពរយៈពេល ១ ឆ្នាំ អនុញ្ញាតឱ្យរដ្ឋាភិបាលទិញប្រេងឥន្ធនៈ និងផលិតផលប្រេងកាត ដើម្បីធានាបាននូវការផ្គត់ផ្គង់ទាន់ពេលវេលា និងគ្រប់គ្រាន់ ហើយប្រសិនបើចាំបាច់ អាចបង់ប្រាក់​ជាមុន​សម្រាប់​កិច្ចសន្យាទិញពីអ្នកផ្គត់ផ្គង់។​

គូសបញ្ជាក់ថា ជម្លោះនៅមជ្ឈិមបូព៌ាបាន​បង្កវិបត្តិថាមពល​ជុំវិញពិភព​លោក ជាពិសេសតំបន់អាស៊ីអាគ្នេយ៍ ដែលពឹងផ្អែកខ្លាំងលើប្រភពផ្គត់ផ្គង់ប្រេងពីមជ្ឈិមបូព៌ា​​ ដឹកកាត់តាមច្រកសមុទ្រហ័រមូហ្ស ដែល​ត្រូវជាប់គាំង៕