យោងតាមប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te បាននិយាយនៅថ្ងៃទី១៣ ខែកុម្ភៈថា ក្រុមហ៊ុននានារបស់តៃវ៉ាន់ នឹងជាអ្នកសម្រេចចិត្តដោយខ្លួនឯងថា តើត្រូវចំណាយទឹកប្រាក់ចំនួន ២៥០ពាន់លានដុល្លារដែលតៃវ៉ាន់ បានសន្យាវិនិយោកនៅសហរដ្ឋអាមេរិក សម្រាប់កន្លែងណាដែលល្អបំផុត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញការលើកឡើងរបស់លោក Lai នេះ បានកើតឡើងបន្ទាប់ពីមន្ត្រីរដ្ឋបាលរបស់លោក ត្រាំ កាលពីថ្ងៃទី១២ ខែកុម្ភៈ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មចុងក្រោយមួយ ដែលបានបញ្ជាក់អំពីការកាត់បន្ថយពន្ធគយមកនៅត្រឹម ១៥% របស់សហរដ្ឋអាមេរិក សម្រាប់ការនាំចូលពីតៃវ៉ាន់។
គួរឲ្យដឹងថាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលសម្រេចបានកាលពីខែមុន រួមមានការសន្យាដោយតៃវ៉ាន់ថាក្រុមហ៊ុនរបស់ខ្លួននឹងវិនិយោគទឹកប្រាក់ ២៥០ពាន់លានដុល្លារដើម្បីជំរុញការផលិតឧបករណ៍អេឡិចត្រូនិក ថាមពល និងបញ្ញាសិប្បនិម្មិតនៅសហរដ្ឋអាមេរិក រួមទាំងការវិនិយោគ ១០០ពាន់លានដុល្លារ ដោយក្រុមហ៊ុនបន្ទះឈីបកំពូល TSMC ផងដែរ។
លោក Lai បាននិយាយប្រាប់ទៅកាន់អ្នកយកព័ត៌មានថា ៖”មិនថាវាជា TSMC ឬឧស្សាហកម្មផ្សេងទៀតទេ ដរាបណាមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍរបស់ពួកគេស្ថិតនៅតៃវ៉ាន់ ដំណើរការផលិតកម្មទំនើបរបស់ពួកគេគឺនឹងបន្តស្ថិតនៅតៃវ៉ាន់ ហើយសមត្ថភាពផលិតធំបំផុតរបស់ពួកគេស្ថិតនៅតៃវ៉ាន់ ដូច្នេះតៃវ៉ាន់អាចបន្តអភិវឌ្ឍជាលំដាប់”។
ប្រធានាធិបតីតៃវ៉ាន់ សង្កត់ធ្ងន់ថា រដ្ឋាភិបាលនឹងគោរពការសម្រេចចិត្តចំពោះការវិនិយោគរបស់ក្រុមហ៊ុនតៃវ៉ាន់ ដោយសម្រេចថានឹងត្រូវបែងចែកទឹកប្រាក់ ២៥០ពាន់លានដុល្លារនោះ នៅលើទឹកដីសហរដ្ឋអាមេរិកតាមរបៀបណាខ្លះ៕

