អង្ករវៀតណាម​ជាប់គាំងពេញឃ្លាំង ព្រោះសង្គ្រាមមជ្ឈិមបូព៌ា

អន្តរជាតិ

(វៀតណាម)៖ ​​ការពន្យារពេល​ដឹកជញ្ជូនទំនិញ​ដែល​ពាក់ព័ន្ធនឹង​​​ជម្លោះ​មជ្ឈិមបូព៌ា កំពុង​បង្កការ​រំខាន​ដល់​ការនាំចេញ​អង្ករ​របស់​វៀតណាម ដែល​បង្ខំ​ឱ្យ​ពាណិជ្ជករ​ពន្យារពេល​ការដឹកជញ្ជូន និង​អនុវត្ត​វិធីសាស្រ្ត​ប្រុងប្រយ័ត្ន​ជាងមុន​ចំពោះ​កិច្ចសន្យា​ពាណិជ្ជកម្ម​ថ្មីៗ។ នេះបើតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មាន​ VNS។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ង្វៀន អាញ សឺន (Nguyễn Anh Sơn) អគ្គនាយកនៃនាយកដ្ឋាននាំចូល-នាំចេញ ក្រោមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម​ បានឱ្យដឹងថា ក្រុមហ៊ុននាំចេញកំពុងប្រឈមមុខនឹងបញ្ហាប្រឈមផ្នែកភស្តុភារកម្មដែលទាក់ទងនឹងជម្លោះនៅមជ្ឈិមបូព៌ា​។

បញ្ហាទាំងនោះ រួមមាន​ ថ្លៃធានារ៉ាប់រងដឹកជញ្ជូនខ្ពស់ ការពន្យារពេលដឹកជញ្ជូនពី ១០-១៥ ថ្ងៃ ការកើនឡើងនៃថ្លៃដឹកជញ្ជូនក្នុងស្រុក កង្វះកុងតឺន័រ និងការរំខានលើ​កាលវិភាគដឹកជញ្ជូន​ជាដើម​។ ក្រុមហ៊ុនមួយចំនួនបានចរចាឡើងវិញនូវកិច្ចសន្យា ពន្យារពេលការដឹកជញ្ជូន ឬពន្យារពេលការបញ្ជាទិញថ្មី។

​ទោះបីមាន​បញ្ហាទាំងនេះក៏ដោយ វៀតណាម ដែលជាប្រទេសនាំចេញអង្ករធំជាងគេមួយរបស់ពិភពលោក នៅតែ​រំពឹងថានឹងមានការផ្គត់ផ្គង់ខ្លាំង​ក្នុង​ឆ្នាំ ២០២៦ ដោយការនាំចេញ​កើនដល់ ៧,៧៣ លានតោន។ គិតត្រឹមថ្ងៃទី ១៥ ខែមីនា ប្រទេសនេះបាន​នាំចេញ​អង្ករ​ ១,៧៤ លានតោន ​ក្នុងតម្លៃ ៨២៦,២ លានដុល្លារ។

ខណៈ​បរិមាណបានកើនឡើង ២,៣% ​ឆ្នាំលើឆ្នាំ ប្រាក់ចំណូលវិញ បានធ្លាក់ចុះ ៨,៧% ដោយសារតែ​ធ្លាក់ចុះនៃតម្លៃអង្ករនាំចេញ​ជាមធ្យម​ ១០,៧% មកត្រឹម ៤៧៧,៦ ដុល្លារ/តោន ​ដែលនោះបណ្ដាលមកពីកំណើននៃការផ្គត់ផ្គង់​ពីឥណ្ឌា និងថៃ។

​ជាមួយគ្នានោះផងដែរ ហ្វីលីពីននៅតែជាទីផ្សារធំបំផុតរបស់វៀតណាម ដោយកាន់កាប់ជិត ៥៦% នៃការនាំចេញ បន្ទាប់មកគឺប្រទេសចិន ដែលតម្រូវការបានកើនឡើងជាងទ្វេដង។ ​ការនាំចេញទៅម៉ាឡេស៊ី និងអូស្ត្រាលី​មាន​កំណើនខ្លាំង ខណៈ​ការនាំចេញទៅកាន់ទីផ្សារអាហ្វ្រិកមួយចំនួន បានធ្លាក់ចុះ៕