លោក ត្រាំ គ្រោង​ពន្យារ​ពេលបិទ TikTok នៅសហរដ្ឋអាមេរិក ៩០ថ្ងៃបន្ថែមទៀត

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេរាយការណ៍ថា គ្រោងនឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិថ្មីមួយផ្សេងទៀតនៅសប្តាហ៍នេះ ដើម្បីបន្តពន្យារពេលថ្ងៃផុតកំណត់ សម្រាប់ក្រុមហ៊ុនមេ ByteDance ក្នុងការដកកម្មវិធីកម្សាន្តដ៏ល្បីល្បាញបំផុតមួយរបស់ពិភពលោក TikTok ចេញពីទឹកដីសហរដ្ឋអាមេរិក ជាលើកទីបី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន​ Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមអ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយនៅថ្ងៃទី១៧ ខែមិថុនាថា ៖”សប្តាហ៍នេះប្រធានាធិបតីលោក ត្រាំ នឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយផ្សេងទៀត ដើម្បីរក្សា TikTok ឲ្យនៅបើកដំណើរការ នៅសហរដ្ឋអាមេរិក។ ក្នុងអំឡុងការបន្ថែមពេលផុតកំណត់ ៩០ថ្ងៃនោះ រដ្ឋាភិបាលអាមេរិក នឹងធ្វើការដើម្បីធានាបានថាច្បាប់នៃការបិទប្រតិបត្តិការកម្មវិធីនោះ នឹងត្រូវបានពន្យារ ដោយអនុញ្ញាតឲ្យពលរដ្ឋអាមេរិក នៅតែអាចបន្តប្រើប្រាស់ TikTok ជាមួយនឹងទិន្នន័យរបស់ពួកគេដែលត្រូវបានការពារ” ។

គួរឲ្យដឹងថា តាមច្បាប់អាមេរិកគឺតម្រូវឲ្យ TikTok បញ្ឈប់ប្រតិបត្តិការត្រឹមថ្ងៃទី១៩ ខែមករាមកម្លេះ ហើយកម្មវិធីនេះអាចដំណើរការទៅបានលុះត្រាតែក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance លក់កម្មវិធីនះឲ្យក្រុមហ៊ុនណាមួយរបស់អាមេរិក។

ប៉ុន្តែបន្ទាប់ពីការចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ប្រធានាធិបតី លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដើម្បីពន្យារពេលការបិទកម្មវិធី TikTok នៅសហរដ្ឋអាមេរិក ជាបន្តបន្ទាប់។ ហើយនៅក្នុងបទសម្ភាសជាមួយ NBC News កាលពីខែមុន លោក ត្រាំ បាននិយាយថា លោកនឹងបន្តពន្យាពេលផុតកំណត់បន្ថែមទៀត ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានកើតឡើងទេនោះ។

ជម្រាបជូនថា បច្ចុប្បន្ននេះមានភាគីជាច្រើនដែលចាប់អារម្មណ៍ក្នុងការទិញយកកម្មវិធី TikTok នៅអាមេរិក រួមទាំងក្រុមហ៊ុន Oracle ក្រុមហ៊ុន AppLovin និង Project Liberty របស់មហាសេដ្ឋី Frank McCourt ផងដែរ។ តែទោះ​យ៉ាង​ណា​វា​មិន​ទាន់​ច្បាស់​ថា​តើ​រដ្ឋាភិបាល​ចិន ​នឹង​អនុម័ត​កិច្ច​ព្រម​ព្រៀង​ណា​មួយ​នោះ​ទេ៕