កត្តាសំខាន់ៗ ៤ យ៉ាងដែលនាំឱ្យក្រសួងមុខងារសាធារណៈ សម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ

សង្គម​ និង​សេដ្ឋកិច្ច

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២៥ ខែមីនានេះ បានលើកឡើងក្នុងពិធីបើក «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ» ពីសមិទ្ធផលជាច្រើនគួរជាទីមោទនៈនៃក្រសួងមុខងារសាធារណៈ ដោយសារកត្តាសំខាន់ៗចំនួន៤៖

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១. កត្តាគោលនយោបាយ និងយុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់ និងការដាក់ចេញនូវវិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាការកំណត់អាទិភាពជាក់លាក់ សម្រាប់ការអនុវត្តឱ្យចេញជាលទ្ធផលជាក់ស្តែង។

ទី២. កត្តាថ្នាក់ដឹកនាំប្រកបដោយភាពឈ្លាសវៃ មានចក្ខុវិស័យច្បាស់លាស់ និងមានព្រហ្មវិហារធម៌ ដែលយើងអាចប្រែក្លាយគោលនយោបាយ និងយុទ្ធសាស្ត្រទៅជាការអនុវត្តចេញជាសមិទ្ធផលពិតប្រាកដ ដែលក្នុងនោះ សម្តេចមហាបវរធិបតី តែងផ្តល់អាទិភាពខ្ពស់ចំពោះការកែទម្រង់រដ្ឋបាលសាធារណៈ ដោយផ្តល់ការគាំទ្រ និងតម្រង់ទិសជាប្រចាំ។

ទី៣. កត្តាផ្ទៃក្នុងនៃក្រសួងមុខងារសាធារណៈ គឺដោយសារយើងមានចក្ខុវិស័យ និងផែនការច្បាស់លាស់ មានរចនាសម្ព័ន្ធការងារត្រឹមត្រូវ មានប្រព័ន្ធការងារល្អ និងជាពិសេសមានមន្ត្រី និងថ្នាក់ដឹកនាំគ្រប់កម្រិត ដែលមានជំនាញ សមត្ថភាពខ្ពស់ និងបំពេញការងារឈរលើមូលដ្ឋានអភិក្រមបុរេសកម្ម សកម្ម យោគយល់អធ្យាស្រ័យ សហការគ្នា ស្មារតីជាក្រុម ទទួលខុសត្រូវខ្ពស់ទៅតាមជំនាញនិងភារកិច្ចរៀងៗខ្លួន។

ទី៤. កត្តាក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងភាគីពាក់ព័ន្ធទាំងអស់។ សមិទ្ធផលដែលក្រសួងមុខងារសាធារណៈសម្រេចបាននាពេលកន្លងមក និងដែលនឹងឈានសម្រេចបាននាពេលខាងមុខ មិនអាចកាត់ផ្តាច់ចេញពីការចូលរួម គាំទ្រ និងសហការពីក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធទាំងអស់បានទេ៕