អូស្រា្តលី ងាកទៅរកសិង្ហបុរីឲ្យជួយផ្គត់ផ្គង់ប្រេង និងឧស្ម័ន ក្រោយវិបត្តិថាមពលដោយសារសង្គ្រាមអ៊ីរ៉ង់

អន្តរជាតិ

អូស្ត្រាលី និងសិង្ហបុរីបានព្រមព្រៀងកាលពីថ្ងៃទី២៣ ខែមីនា ដើម្បីសហការគ្នាក្នុងការធានាខ្សែសង្វាក់ផ្គត់ផ្គង់ប្រេង ឧស្ម័នធម្មជាតិរាវ (LNG) និងប្រេងម៉ាស៊ូត ខណៈដែលប្រទេសដែលពឹងផ្អែកលើការនាំចូលទាំងពីរនេះ កំពុងប្រឈមមុខនឹងការរឹតបន្តឹងថាមពលសកល ដែលបណ្តាលមកពីសង្គ្រាមមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តម្លៃប្រេងសកលបានកើនឡើងយ៉ាងខ្លាំង ខណៈដែលសង្គ្រាមរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ បានផ្តោតជុំវិញច្រកសមុទ្រ Hormuz ដែលការដឹកជញ្ជូនប្រេង និងឧស្ម័នប្រហែល ២០% របស់ពិភពលោកត្រូវបានឆ្លងកាត់តាមរយៈនោះ។

យ៉ាងណាមិញ​ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ប្រទេសអូស្ត្រាលី និងប្រទេសសិង្ហបុរី ដែលត្រូវបានចាត់ទុកថាជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់ បាននិយាយកាលថា ពួកគេបានចែករំលែកការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពនៅមជ្ឈិមបូព៌ា និងផលវិបាកចំពោះតំបន់ ដូចជាផលប៉ះពាល់លើខ្សែសង្វាក់ផ្គត់ផ្គង់ថាមពល និងតម្លៃជាដើម។

មិនតែប៉ុណ្ណោះប្រទេសទាំងពីរ បានព្រមព្រៀងគ្នាពង្រឹងសន្តិសុខថាមពល ដើម្បីគាំទ្រដល់លំហូរទំនិញសំខាន់ៗ រួមទាំងប្រេងឥន្ធនៈ ដូចជាប្រេងម៉ាស៊ូត និងឧស្ម័នធម្មជាតិរាវ រវាងគ្នាផងដែរ។

ជម្រាបជូនថា នៅប្រទេសអូស្ត្រាលី តម្លៃប្រេងសាំងបានកើនឡើងយ៉ាងខ្លាំង ហើយមន្ត្រីបានចេញសេចក្តីអំពាវនាវឲ្យប្រជាពលរដ្ឋទិញតែអ្វីដែលពួកគេត្រូវការប៉ុណ្ណោះ ចៀសវាងការធ្វើឲ្យមានភាពចលាចល និងធ្វើឲ្យតម្លៃទំនិញកាន់តែកើនឡើងខ្ពស់៕