សមាជិកព្រឹទ្ធសភាអាមេរិក បដិសេធសំណើបង្កើនលុយ ២០០ពាន់លានដុល្លារសម្រាប់សង្គ្រាមលើអ៊ីរ៉ង់

អន្តរជាតិ

លោក Bernie Sanders សមាជិកព្រឹទ្ធសភាអាមេរិក បាននិយាយកាលពីថ្ងៃទី២៤ ខែមីនាថា លោកមិនគាំទ្រទាំងស្រុងចំពោះសំណើសុំថវិកាចំនួន ២០០ ពាន់លានដុល្លារបន្ថែម សម្រាប់សង្គ្រាមអ៊ីរ៉ង់ ដោយសន្យាថានឹងដាក់ចេញវិធានការមួយដើម្បីរារាំងការផ្ទេរអាវុធទៅអ៊ីស្រាអែល។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Anadolu។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Sanders ក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិកបានចាប់ផ្តើមសង្គ្រាមនេះ រួមជាមួយអ៊ីស្រាអែល ដើម្បីប្រឆាំងនឹងអ៊ីរ៉ង់ ហើយថែមទាំងបានរិះគន់រដ្ឋបាលលោក ត្រាំ ធ្ងន់ៗជុំវិញការកើនឡើងនៃតម្លៃឧស្ម័ន និងការកើនឡើងនៃសម្ពាធសេដ្ឋកិច្ចលើជនជាតិអាមេរិក។

មិនតែប៉ុណ្ណោះ សមាជិកព្រឹទ្ធសភារូបនេះ ក៏បានសង្កត់ធ្ងន់ទៀតផងដែរថា សង្គ្រាមនៅមជ្ឈិមបូព៌ា បានធ្វើឲ្យប្រជាជនអាមេរិកជាច្រើនកំពុងតស៊ូជាមួយនឹងការចំណាយជាមូលដ្ឋានដូចជាលំនៅឋាន ការថែទាំសុខភាព និងអាហារជាដើម។

គួរឲ្យដឹងថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសលើអ៊ីរ៉ង់ ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ មក ដោយបានសម្លាប់មនុស្សជាង ១ ៣៤០ នាក់រួចមកហើយ រហូតមកដល់ពេលនេះ។

ទន្ទឹមនឹងនេះ អ៊ីរ៉ង់បានសងសឹកដោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលដែលកំណត់គោលដៅលើអ៊ីស្រាអែល រួមជាមួយប្រទេសហ្ស៊កដានី អ៊ីរ៉ាក់ និងប្រទេសឈូងសមុទ្រដែលកាន់កាប់ទ្រព្យសម្បត្តិយោធាអាមេរិក ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ ខណៈពេលដែលរំខានដល់ទីផ្សារសកល និងអាកាសចរណ៍៕​