ចិន ប្ដេជ្ញា​បោះទុនវិនិយោគជាង ៣៨ពាន់លានដុល្លារ ទៅកាន់ប្រទេសម៉ាឡេស៊ី

អន្តរជាតិ

ថ្មីៗនេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានប្រកាសថា ប្រទេសរបស់ខ្លួន កំពុងទទួលបានការធានាលើការប្តេជ្ញាចិត្តវិនិយោគ ក្នុងចំនួនទឹកប្រាក់ ១៧០ពាន់លានរីងហ្គីត (៣៨,៥ពាន់លានដុល្លារ) ពីសំណាក់ប្រទេសចិន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការចុះផ្សាយពីសារព័ត៌មាន VNA បានបង្ហាញឱ្យដឹងថា ក្នុងអំឡុងពេលដំណើរទស្សកិច្ចទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃ ៣០ ខែមីនា ដល់ថ្ងៃទី ១ ខែមេសា លោក Anwar បានធ្វើជាសាក្សី នៅក្នុងពិធីចុះហត្ថលេខាទៅលើអនុស្សរណ:នៃការយោគយល់គ្នា (MOU) ចំនួន ១៩ រវាងធុរកិច្ចចិន និងដៃគូម៉ាឡេស៊ី ។​

មិនតែប៉ុណ្ណោះ ដោយថ្លែងក្នុងវេទិការធុរកិច្ចម៉ាឡេស៊ី-ចិន ឆ្នាំ ២០២៣ នេះ លោក Anwar ក៏បានសម្តែងការអរគុណចំពោះវិនិយោគិនចិន សម្រាប់កិច្ចប្រតិបត្តិការ និងផ្តល់ទំនុកចិត្តខ្ពស់ ដល់ការមកវិនិយោគនៅក្នុងប្រទេសម៉ាឡេស៊ី ។

គួរឱ្យដឹងថា ប្រទេសចិន នៅតែជាដៃគគូពាណិជ្ជគម្មដ៏ធំបំផុតរបស់ម៉ាឡេស៊ី សម្រាប់រយ:ពេល ១៤ឆ្នាំជាប់ៗគ្នាមកហើយ ជាមួយនឹងទំហំវិនិយោគសរុបចំនួន ១១០,៦ពាន់លានដុល្លារ កាលពីឆ្នាំ ២០២២។

ទន្ទឹមនឹងនេះ ប្រទេសចិន ក៏ជាអ្នកវិនិយោគផ្ទាល់ពីបរទេសដ៏ធំបំផុត នៅក្នុងប្រទេសម៉ាឡេស៊ី ផងដែរ កាលពីឆ្នាំមុន ជាមួយនឹងការវិនិយោគសរុបចំនួន ១២,៥ពាន់លានដុល្លារ។ ហើយបើតាមស្ថិតិ ដែលទទួលបានពីក្រសួងការបរទេសម៉ាឡេស៊ី បានបង្ហាញថា ការនាំចេញសរុបទៅកាន់ចិន បានកើនឡើងដល់ ៩,៤% ក្នុងចំនួនទឹកប្រាក់ ៤៧,៨ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២២ ស្របពេលការនាំចូលវិញ មានចំនួន ៦២,៧ពាន់លានដុល្លារ ក្នុងឆ្នាំដដែលនោះ ពោលគឺបានកើនឡើង ២០,៧% បើធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំ ២០២១ ៕