លោក ត្រាំ បោះចោលផែនការយកថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រ Hormuz

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសបោះបង់ចោលការសម្រេចចិត្តរបស់ខ្លួនវិញ ពោលគឺត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបានប្រកាសអំពីផែនការយកថ្លៃសេវាការពារ ២០% ពីកប៉ាល់ដឹកទំនិញដែលឆ្លងកាត់តាមច្រកសមុទ្រ Hormuz ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់ខ្លួននៅថ្ងៃទី១៤ ខែកក្កដាថា ៖”បន្ទាប់ពីការចរចាប្រកបដោយផ្លែផ្កាជាមួយមេដឹកនាំមជ្ឈិមបូព៌ា ខ្ញុំបានសម្រេចចិត្តលុបចោលផែនការយកថ្លៃសេវា ២០% សម្រាប់កប៉ាល់ដែលឆ្លងកាត់តាមច្រកសមុទ្រ Hormuz វិញ”។

គួរឲ្យផងដែរថា នៅមុននេះ លោក ត្រាំ បានប្រកាសបិទផ្លូវកំពង់ផែអ៊ីរ៉ង់ឡើងវិញ រួមជាមួយនឹងការយកថ្លៃសេវាស្មើនឹង ២០% នៃតម្លៃទំនិញដែលដឹកជញ្ជូនដោយកប៉ាល់ឆ្លងកាត់ច្រកសមុទ្រ Hormuz។ លោកបានពន្យល់ថា នេះគឺជាការចំណាយចាំបាច់សម្រាប់សហរដ្ឋអាមេរិកដើម្បីអនុវត្តបេសកកម្មរបស់ខ្លួនក្នុងការធានាសន្តិសុខ និងសុវត្ថិភាពតាមបណ្តោយផ្លូវទឹកដ៏សំខាន់នេះ។

ភាពតានតឹងនៅមជ្ឈិមបូព៌ាបានកើនឡើងកម្តៅជាថ្មីម្តងទៀត កាលពីចុងសប្តាហ៍មុន ដែលជំរុញឱ្យទាំងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បើកការវាយប្រហារថ្មីៗលើគ្នាទៅវិញទៅមក។ កងទ័ពជើងទឹកឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានប្រកាសបិទច្រកសមុទ្រ Hormuz បន្ទាប់ពីបានបាញ់ព្រមានទៅលើនាវាពាណិជ្ជកម្មមួយចំនួន។

ជម្រាបជូនថា មុនពេលមានជម្លោះ ប្រហែល ២០% នៃលំហូរប្រេង និងឧស្ម័នធម្មជាតិរាវទូទាំងពិភពលោកបានឆ្លងកាត់ច្រកសមុទ្រ Hormuz។ ចរាចរណ៍ដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រនេះ បានធ្លាក់ចុះយ៉ាងខ្លាំងចាប់ពីដើមខែមីនា ហើយទើបតែចាប់ផ្តើមងើបឡើងវិញបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់៕​