ក្រសួងធនធានធម្មជាតិចិន (MNR) បានប្រកាសពីការរកឃើញរ៉ែថ្មីពីធនធានរ៉ែបម្រុងដ៏ធំសម្បើម នៅក្នុងស្រុកមៀននីង (Mianning ) ខេត្តស៊ីឈួន (Sichuan) ភាគនិរតីប្រទេសចិន ដែលត្រូវបានចាត់ទុកថាជាកំណប់រ៉ែកម្រធំជាងគេទីពីរ នៅលើពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់ប៉ុស្ត្តិ៍ទូរទស្សន៍ចិន CCTV កាលពីថ្ងៃទី២៤មីនានេះ។

យោងតាមរបាយការណ៍ រ៉ែអុកស៊ីដ (oxides) ដ៏កម្រសរុបប្រមាណ ៩៦៦៥៦ លានតោន រួមជាមួយហ្វ្លុរីត (fluorite) ប្រមាណ ២៧១៣៥៤ លានតោន និងបារីត (barite) ប្រមាណ ៣៧២២៧៧ លានតោន បានរកឃើញនៅក្នុងស្រុកមៀននីង បានក្លាយជាធនធានដ៏សំខាន់មួយ ដែលដើរតួនាទីនៅក្នុងវិស័យឧស្សាហកម្មទំនើបជាច្រើនរបស់ប្រទេសចិនក្នុងពេលអនាគត។
ការរកឃើញរ៉ែអុកស៊ីដដ៏កម្រថ្មីនៅក្នុងតំបន់នេះ បានធ្វើឲ្យការកើនឡើងនៃធនធានបម្រុងជាង ៣០០ភាគរយ ក្លាយជារ៉ែដ៏កម្រធំជាងគេទីពីររបស់ពិភពលោក បន្ទាប់ពីរ៉ែ Bayan Obo នៅក្នុងតំបន់ស្វយ័តម៉ុងហ្គោលី ភាគខាងជើងប្រទេសចិន។
ការរកឃើញចុងក្រោយនេះមានសារៈសំខាន់យ៉ាងខ្លាំង ជាពិសេសនៅពេលដែលតម្រូវការរ៉ែសំខាន់ៗទូទាំងពិភពលោកកាន់តែខ្លាំងឡើង និងសន្តិសុខខ្សែសង្វាក់ផ្គត់ផ្គង់ក្លាយជាអាទិភាពកំពូលសម្រាប់សេដ្ឋកិច្ចធំៗ៕





