(ខេត្តព្រះសីហនុ)៖ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុបានពិនិត្យលើការស្នើការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី ដល់គម្រោងវិនិយោគចំនួន ១៨ ក្នុងខេត្តព្រះសីហនុក្រោមទុនវិនិយោគជាង ១៤០ លានដុល្លារអាម៉េរិក ដែលអាចបង្កើតឱកាសការងារថ្មីៗប្រមាណ ១ ០០០ កន្លែង។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុលើកទី ២៤ ដើម្បីពិនិត្យលើគម្រោងវិនិយោគទាំងនោះ កាលពីថ្ងៃទី ២៥មីនានេះ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានឱ្យដឹងថា គម្រោងវិនិយោគ និង ធុរកិច្ចចំនួន ១៨ គម្រោង ក្នុងខេត្តព្រះសីហនុរួមមាន គម្រោងរោងចក្រផលិតចំណីសត្វ, គម្រោងបង្កើតសួនឧស្សាហកម្ម, គម្រោងអគារពហុមុខងារ, និង គម្រោងអគារសហកម្មសិទ្ធិ ក្រោមទុនវិនិយោគជាង ១៤៤ លានដុល្លារអាម៉េរិក ដែលអាចបង្កើតឱកាសការងារថ្មីៗប្រមាណ ១ ០០០ កន្លែង។
លោកបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា គិតចាប់ពីឆ្នាំ ២០២៤ ដល់ខែ កុម្ភៈ ឆ្នាំ ២០២៦ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានអនុម័តផ្តល់គោលការណ៍លើកទឹកចិត្តដល់គម្រោងចំនួន ៤៦៧ គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មានជាង ៨,១៨ ប៊ីលានដុល្លារ និងអាចបង្កើតការងារ ជាង ៥៥ ១២៤ កន្លែង ដែលក្នុងនោះមានគម្រោងពាក់ព័ន្ធអគារជាប់គាំងចំនួន ២០៩ គម្រោង, គម្រោងថ្មីចំនួន ២១៧ គម្រោង, គម្រោងពង្រីកចំនួន ២៦ គម្រោង, និង គម្រោងមានស្រាប់ចំនួន ១៥ គម្រោង។
លោកបណ្ឌិតសភាចារ្យ បានបន្ថែមថា ដោយផ្អែកតាមលទ្ធផលនេះ រាជរដ្ឋាភិបាលបានសម្រេចឱ្យបន្តអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» រយៈពេល ២ ឆ្នាំទៀត រហូតដល់ដំណាច់ឆ្នាំ ២០២៧ ជាមួយនឹងការដាក់ចេញវិធានការបន្ថែម ៤ ទៀត រួមមាន : ១. ការជំរុញការវិនិយោគក្នុងស្រុក, ២. ការជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក, ៣. ការជំរុញការប្រើប្រាស់ និង ការផ្ទេរជំនាញ/បច្ចេកវិទ្យា ដល់កម្លាំងពលកម្មក្នុងស្រុក និង ៤. ការសម្របសម្រួលការបណ្តុះបណ្តាលជំនាញបន្ថែមដល់ភាគីពាក់ព័ន្ធ៕





