ខេត្តព្រះសីហនុ៖ គម្រោងអភិវឌ្ឍន៍ចំនួន ១៨ ក្រោម​ទុនវិនិយោគជាង ១៤០ លានដុល្លារ ទទួល​កា​រពិនិត្យផ្តល់យោបល់

សង្គម​ និង​សេដ្ឋកិច្ច

(ខេត្តព្រះសីហនុ)៖ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុបានពិនិត្យលើការស្នើការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី ដល់គម្រោងវិនិយោគចំនួន ១៨ ក្នុងខេត្តព្រះសីហនុក្រោមទុនវិនិយោគជាង ១៤០ លានដុល្លារអាម៉េរិក ដែលអាចបង្កើត​ឱកាសការងារថ្មីៗប្រមាណ ១ ០០០ កន្លែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសដឹកនាំកិច្ចប្រជុំក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុលើកទី ២៤ ដើម្បីពិនិត្យលើគម្រោងវិនិយោគទាំងនោះ កាលពី​ថ្ងៃទី ២៥មីនានេះ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានឱ្យដឹងថា គម្រោងវិនិយោគ និង ធុរកិច្ចចំនួន ១៨ គម្រោង ក្នុងខេត្តព្រះសីហនុរួមមាន គម្រោងរោងចក្រផលិតចំណីសត្វ, គម្រោងបង្កើតសួនឧស្សាហកម្ម, គម្រោងអគារពហុមុខងារ, និង គម្រោងអគារសហកម្មសិទ្ធិ ក្រោមទុនវិនិយោគជាង ១៤៤ លានដុល្លារអាម៉េរិក ដែលអាចបង្កើតឱកាសការងារថ្មីៗប្រមាណ ១ ០០០ កន្លែង។

លោកបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា គិតចាប់ពីឆ្នាំ ២០២៤ ដល់ខែ កុម្ភៈ ឆ្នាំ ២០២៦ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានអនុម័តផ្តល់គោលការណ៍លើកទឹកចិត្តដល់គម្រោងចំនួន ៤៦៧ គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មានជាង ៨,១៨ ប៊ីលានដុល្លារ និងអាចបង្កើតការងារ ជាង ៥៥ ១២៤ កន្លែង ដែលក្នុងនោះមានគម្រោង​ពាក់ព័ន្ធអគារជាប់គាំងចំនួន ២០៩ គម្រោង, គម្រោងថ្មីចំនួន ២១៧ គម្រោង, គម្រោងពង្រីកចំនួន ២៦ គម្រោង, និង គម្រោងមានស្រាប់ចំនួន ១៥ គម្រោង។

លោកបណ្ឌិតសភាចារ្យ បានបន្ថែមថា ដោយផ្អែកតាមលទ្ធផលនេះ រាជរដ្ឋាភិបាលបានសម្រេចឱ្យបន្តអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» រយៈពេល ២ ឆ្នាំទៀត រហូតដល់ដំណាច់ឆ្នាំ ២០២៧ ជាមួយ​នឹង​ការដាក់ចេញវិធានការបន្ថែម ៤ ទៀត រួមមាន : ១. ការជំរុញការវិនិយោគក្នុងស្រុក, ២. ការជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក, ៣. ការជំរុញការប្រើប្រាស់ និង ការផ្ទេរជំនាញ/បច្ចេកវិទ្យា ដល់កម្លាំងពលកម្មក្នុងស្រុក និង ៤. ការសម្របសម្រួលការបណ្តុះបណ្តាលជំនាញបន្ថែមដល់ភាគីពាក់ព័ន្ធ៕