សម្តេចធិបតី ដាក់ឱ្យដំណើរការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី សមត្ថភាពផលិតទឹកជិត៧ពាន់ម៉ែត្រគូបជាផ្លូវការ

សង្គម​ និង​សេដ្ឋកិច្ច

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ដែលមានសមត្ថភាពផលិតទឹកស្អាត ៦.៨០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ត្រូវបានប្រកាសសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហើយ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ នាព្រឹកថ្ងៃទី២៦ មីនា ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្តេចធិបតី បានបញ្ជាក់ថា រោងចក្រថ្មីនេះមានសមត្ថភាពផលិតទឹកស្អាត ៦.៨០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធថ្មីទាំងនេះ នឹងអនុញ្ញាតឱ្យរដ្ឋាករទឹកស្វាយរៀងមានលទ្ធភាពផ្តល់សេវាទឹកស្អាតពេញលេញសម្រាប់ពលរដ្ឋក្នុងក្រុងស្វាយរៀងទាំងមូល និងពង្រីកអត្រាគ្របដណ្តប់ក្នុងតំបន់សេវារបស់ខ្លួន ពី៣២% ទៅ ៥៨%។

សូមជម្រាបដែរថា ទន្ទឹមនេះនឹងការដាក់ឱ្យដំណើរការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មីនេះដែរ រាជរដ្ឋាភិបាលក៏បានប្រកាសបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតក្នុងខេត្តចំនួន៥ គឺខេត្តស្វាយរៀង ពោធិ៍សាត់ កំពង់ធំ កំពត និងមណ្ឌលគិរី ដែលជាគម្រោងហិរញ្ញប្បទានដោយថវិកាជាតិ។ ក្រោមទុនវិនិយោគសរុប ៦០លានដុល្លារអាមេរិក គម្រោងនេះនឹងបង្កើនសមត្ថភាពផលិតទឹកស្អាតសម្រាប់ខេត្តទាំង៥ សរុបប្រមាណ ១៣.៦០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ពង្រីកបណ្តាញចែកចាយទឹកស្អាតប្រវែង ៧៣៩ គីឡូម៉ែត្រ ផ្តល់តំណទឹកស្អាតថ្មីចំនួន ២៨.៦៦០ គ្រួសារ ដោយគ្រោងអនុវត្តរយៈពេល២០ខែ ចាប់ពីខែមីនា ឆ្នាំ២០២៦ ដល់ខែកញ្ញា ឆ្នាំ២០២៧ ។

រដ្ឋាភិបាលចាត់ទុកថា ការវិនិយោគ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធខាងលើនេះបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សេវាផ្គត់ផ្គង់ទឹកស្អាតប្រកបដោយសមធម៌ កាត់បន្ថយគម្លាតសេវារវាងតំបន់ទីក្រុងនិងជនបទ និងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុងមូលដ្ឋាន នឹងចូលរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជន៕អត្ថបទ៖ហ្សាលីន