Heineken ដែលជាក្រុមហ៊ុនផលិតស្រាបៀរធំជាងគេលំដាប់ទី២ លើពិភពលោកផ្អែកតាមតម្លៃទីផ្សារ នឹងបិទរោងចក្ររបស់ខ្លួន នៅក្នុងសិង្ហបុរី នៅចុងឆ្នាំ២០២៧ ហើយផ្លាស់ប្តូរទីតាំងផលិតទៅកាន់ប្រទេសម៉ាឡេស៊ី និងវៀតណាមជំនួសវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ជុំវិញការផ្លាស់ប្តូរទ្រង់ទ្រាយធំនេះ បានកើតឡើងនៅពេលដែលក្រុមហ៊ុនហូឡង់ កំពុងសម្លឹងរកមើលការកាត់បន្ថយកម្លាំងការងាររហូតដល់ ៦ ០០០ កន្លែងទូទាំងពិភពលោក ក្នុងរយៈពេលពីរឆ្នាំខាងមុខ។
ក្រុមហ៊ុន Heineken បាននិយាយកាលពីពេលថ្មីៗនេះថា នៅពេលដែលការផ្លាស់ប្តូរនេះត្រូវបានបញ្ចប់ ខ្លួននឹងនាំចូលស្រាបៀរពីរោងចក្រផលិតស្រាបៀរផ្សេងនៅក្នុងតំបន់ ទៅកាន់ប្រទេសសិង្ហបុរីជំនួសវិញ។
ជម្រាបជូនផងដែរថា ការផលិតទ្រង់ទ្រាយធំនៅក្នុងរោងចក្រស្រាបៀរ Tuas របស់ខ្លួននៅក្នុងប្រទេសសិង្ហបុរី និងជាកន្លែងដែលស្រាបៀរ Tiger ត្រូវបានផលិតតាំងពីឆ្នាំ១៩៩០ ផងនោះ នឹងត្រូវបិទបញ្ចប់នៅត្រឹមចុងឆ្នាំ២០២៧ ហើយប្តូរការផលិតទាំងស្រុងទៅកាន់រោងចក្រស្រាបៀរ នៅប្រទេសម៉ាឡេស៊ី និងវៀតណាមវិញ៕

