កំពូលតារាបាល់ទាត់លំដាប់ពិភពលោក Cristiano Ronaldo និងគូដណ្តឹង អ្នកនាង Georgina Rodriguez ថ្មីៗនេះបានបង្ហាញទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់របស់ពួកគេ នៅក្នុងរូបថតត្រឹមតែមួយសន្លឹកប៉ុណ្ណោះ ដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ខណៈត្រូវបានគេប៉ាន់ស្មានថាមានតម្លៃរហូតដល់ជាង ២០លានដុល្លារ។

រូបថតមួយសន្លឹក ដែលត្រូវបានបង្ហោះនៅលើ Instagram Story របស់អ្នកនាង Rodriguez កាលពីពេលថ្មីៗនេះកន្លងទៅនេះ ត្រូវបានថតនៅក្នុងរថយន្តប្រណីតលំដាប់កំពូលBugatti Centodieci ដ៏កម្រមួយគ្រឿង ដែលមានតម្លៃប្រហែល ១៣,៦លានដុល្លារ។
នៅក្នុងមួយសន្លឹកនោះក៏បានបង្ហាញផងដែរ ដោយ Ronaldo ពាក់នាឡិកា Patek Philippe មានតម្លៃប្រហែល ៧៩៨ ០០០ដុល្លារ ខណៈពេលដែល Rodriguez ពាក់នាឡិកាម៉ាកដូចគ្នា មានតម្លៃប្រមាណ ៤៤៥ ០០០ដុល្លារ រួមជាមួយនឹងចិញ្ចៀនដាំពេជ្ររាងពងក្រពើ តម្លៃ ៦លានដុល្លារផងដែរ។ ហើយយ៉ាងណាមិញចំពោះតម្លៃសរុបនៃរបស់របរនៅក្នុងរូបថតមួយសន្លឹកដែលកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនេះ ត្រូវបានប៉ាន់ប្រមាណថាមានតម្លៃជាង ២០លានដុល្លារឯណោះ។

គួរបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍នៅក្នុងខែតុលា ឆ្នាំ២០២៥ ពី Forbes បានបង្ហាញថា Ronaldo គឺជាកីឡាករបាល់ទាត់ដែលមានជាងគេបំផុតរបស់ពិភពលោក ដែលមានទ្រព្យសម្បត្តិសរុបចំនួន ១,៤ពាន់លានដុល្លារ។ ផ្នែកដ៏សំខាន់មួយនៃទ្រព្យសម្បត្តិដ៏ច្រើននេះ គឺបានមកពីកិច្ចសន្យារបស់ Ronaldo ជាមួយក្លឹប Al Nassr របស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាកន្លែងរូបគេអាចរកចំណូលបានជាង ២០០លានដុល្លារជារៀងរាល់ឆ្នាំ គិតចាប់តាំងពីឆ្នាំ២០២៣ មក៕

