ក្រសួងថាមពលហ្វីលីពីន នៅថ្ងៃទី២៦ ខែមីនា បាននិយាយថា ខ្លួនកំពុងដាក់ឲ្យដំណើរការមូលនិធិសង្គ្រោះបន្ទាន់ចំនួន ២០ពាន់លានប៉េសូ (៣៣៣លានដុល្លារ) ដើម្បីពង្រឹងសន្តិសុខប្រេងឥន្ធនៈ ចំពេលមានការប្រែប្រួលជាបន្តបន្ទាប់នៃតម្លៃប្រេង ដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters។

ក្រសួងថាមពលហ្វីលីពីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖”សកម្មភាពដ៏ម៉ឺងម៉ាត់នេះបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋបាលក្នុងការការពារប្រជាជនហ្វីលីពីនពីវិបត្តិផ្គត់ផ្គង់ខាងក្រៅ និងធានាបាននូវភាពអាចរកបានជាបន្តបន្ទាប់ គ្រប់គ្រាន់ និងអាចទុកចិត្តបាននៃប្រេងឥន្ធនៈ នៅទូទាំងប្រទេស”។
គួរឲ្យដឹងផងដែរថា ក្រោមកម្មវិធីនេះ រដ្ឋាភិបាលហ្វីលីពីនមានគម្រោងទិញប្រេងឥន្ធនៈរហូតដល់ពីរលានបារ៉ែល ដើម្បីគាំទ្រដល់ការផ្គត់ផ្គង់ក្នុងស្រុក និងទិញផលិតផលប្រេងចម្រាញ់ និងឧស្ម័នបន្ថែមទៀតផងដែរ។
ជម្រាបជូនថា ប្រទេសហ្វីលីពីននាំចូលប្រេងឆៅស្ទើរតែទាំងអស់របស់ខ្លួនពីមជ្ឈិមបូព៌ា ដោយប្រទេសអារ៉ាប៊ីសាអូឌីតគឺជាអ្នកផ្គត់ផ្គង់ធំជាងគេ ដែលធ្វើឲ្យប្រទេសនេះងាយគ្រោះខ្លាំងបំផុត ដោយសារវិបត្តិតម្លៃប្រេង និងការរំខានដល់ការផ្គត់ផ្គង់ ក្រោយពេលផ្ទុះសង្គ្រាមអ៊ីរ៉ង់៕

