ក្រុមហ៊ុន SpaceX របស់កំពូលមហាសេដ្ឋីមានដាច់គេលើលោក Elon Musk បានដាក់បង្ហាញផែនការដើម្បីសាងសង់មជ្ឈមណ្ឌលបាញ់បង្ហោះរ៉ុក្កែតដ៏ធំបំផុតរបស់ខ្លួននៅក្នុងភាគខាងត្បូងនៃរដ្ឋ Louisiana ជាមួយទុនវិនិយោគ ១០០ ពាន់លានដុល្លារ ក្នុងការកែប្រែតំបន់ដីសើមឆ្នេរសមុទ្រ ឲ្យទៅជាមូលដ្ឋានដ៏សំខាន់សម្រាប់រ៉ុក្កែត Starship និងមជ្ឈមណ្ឌលផ្ទូកទិន្នន័យ AI លើលំហរបស់ក្រុមហ៊ុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

មជ្ឈមណ្ឌលបាញ់បង្ហោះដែលមានទំហំប្រហែល ៥០ ៥៨៥ ហិកតា នៅលើកោះ Pecan ដែលក្រុមហ៊ុន SpaceX ដាក់ឈ្មោះថា Starbase Louisiana នេះ គឺជាការប្រមូលផ្តុំពង្រីកប្រតិបត្តិការបាញ់បង្ហោះរបស់យាន Starship របស់ក្រុមហ៊ុន បន្ថែមលើទីតាំងដែលមានស្រាប់នៅភាគខាងត្បូងរដ្ឋ Texas និងទីតាំងដែលបានគ្រោងទុកនៅរដ្ឋ Florida ខណៈពេលដែលរ៉ុក្កែតជំនាន់ក្រោយនេះ កំពុងស្ថិតក្នុងការអភិវឌ្ឍដល់ដំណាក់កាលចុងក្រោយហើយ។
យ៉ាងណាមិញ បើតាមប្រធានក្រុមហ៊ុន SpaceX លោកស្រី Gwynne Shotwell បាននិយាយថា ទីតាំង Starbase ទីពីររបស់ក្រុមហ៊ុននេះ នឹងមានសមត្ថភាពបាញ់បង្ហោះយាន Starship បានរហូតដល់រាប់ពាន់ជើងក្នុងមួយឆ្នាំ ដោយលោកស្រីបានបញ្ជាក់ឡើងវិញពីគោលដៅដ៏ធំធេងនេះ ដែលអាស្រ័យលើការដោះស្រាយបញ្ហាប្រឈមផ្នែកវិស្វកម្មដ៏លំបាក និងរបាំងច្បាប់នានា។
ក្រុមហ៊ុន SpaceX បានបង្ហាញឱ្យដឹងថា ការសាងសង់នឹងចាប់ផ្តើមនៅឆ្នាំក្រោយ ហើយការបាញ់បង្ហោះរ៉ុក្កែត Starship លើកដំបូងនឹងធ្វើឡើងនៅឆ្នាំ២០២៩។ លោកស្រី Shotwell បានលម្អិតពីផែនការនេះនៅជិតទីតាំងដែលបានស្នើឡើង ក្នុងតំបន់ Vermilion Parish រដ្ឋ Louisiana ក្នុងព្រឹត្តិការណ៍មួយជាមួយអភិបាលរដ្ឋ Jeff Landry និងមន្ត្រីជាន់ខ្ពស់រដ្ឋផ្សេងទៀត។
គួរជម្រាបជូនថា SpaceX បានពង្រីកវត្តមានរបស់ខ្លួនយ៉ាងខ្លាំងនៅភាគខាងត្បូងសហរដ្ឋអាមេរិក ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយបានសាងសង់មជ្ឈមណ្ឌលទិន្នន័យ Colossus AI នៅក្នុងរដ្ឋ Tennessee និង Mississippi និងទីតាំង Starlink នៅក្រុង Austin រដ្ឋ Texas។ លើសពីនេះ ក្រុមហ៊ុនក៏កំពុងរៀបចំផែនការសាងសង់រោងចក្រផលិតបន្ទះឈីបដ៏ធំបំផុត នៅភាគកណ្តាលរដ្ឋ Texas ផងដែរ៕

